(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បានបង្ហើបឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងធ្វើសេចក្តីប្រកាសបើឆាប់បំផុត គឺនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ស្តីអំពីការផ្តល់កញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ៤០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។
សម្ភារដែលត្រូវផ្តល់ក្នុងកញ្ចប់ជំនួយយោធាខាងលើ រួមមានរថពាសដែក Stryker ប៉ុន្មានគ្រឿង, ឧបករណ៍បោសសំអាតមីន, គ្រាប់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS, គ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់ផ្លោង HIMARS, អាវុធប្រឆាំងរថក្រោះដូចជា TOW និង Javelin ហើយនិងគ្រាប់សម្រាប់ប្រព័ន្ធប្រឆាំងមីស៉ីលនិងយន្តហោះ Patriot និង Stinger។ យ៉ាងណាមិញ អាមេរិកនឹងមិនបញ្ចូលគ្រាប់បែកចង្កោម ក្នុងកញ្ចប់ជំនួយសព្វាវុធនេះឡើយ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានផ្តល់គ្រាប់បែកចង្កោមប្រភេទ DPICM ដែលបាញ់ចេញពីប្រព័ន្ធកាំភ្លើងធំហោវីតសឺ (howitzer) ប្រភេទ១៥៥មីលីម៉ែត្រ ឱ្យអ៊ុយក្រែន កាលពីពេលកន្លងទៅ ក្នុងខែកក្កដានេះ។ កញ្ចប់ជំនួយយោធាខាងលើ នឹងជាកញ្ចប់ទី៤៣ហើយ ដែលសហរដ្ឋអាមេរិកបានអនុម័តសម្រាប់អ៊ុយក្រែន គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយគិតជាទំហំទឹកប្រាក់សរុបគឺច្រើនជាង ៤១ពាន់លានដុល្លារ៕