(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានចោទប្រកាន់ថា ប៉ូឡូញដែលជាសមាជិកនៃអង្គការណាតូ (NATO) មានមហិច្ឆតាចង់បានដឹកដីអតីតសហភាពសូវៀត ហើយបានព្រមានថា ទង្វើឈ្លានពានណាមួយប្រឆាំងនឹងបេឡារុស ដែលជាអ្នកជិតខាងនិងជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធបស់ទីក្រុងមូស្គូ នឹងត្រូវចាត់ទុកជាការវាយប្រហារមកលើរុស្ស៉ីផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងអំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោក ពូទីន បាននិយាយដូច្នេះថា «វាជារឿងដែលគេដឹងលឺយ៉ាងទូលំទូលាយថា ប៉ូឡូញមានក្តីស្រមៃចង់បានទឹកដីបេឡារុស។ ប៉ុន្តែពាក់ព័ន្ធនឹងបេឡារុស គឺបេឡារុសជាផ្នែកនៃរដ្ឋសហភាពជាមួយរុស្ស៉ី.. សកម្មភាពឈ្លានពានប្រឆាំងលើបេឡារុស នឹងមានន័យថាជាការឈ្លានពានប្រឆាំងនឹងសហព័ន្ធរុស្ស៉ីផ្ទាល់ ហើយពួកយើងនឹងឆ្លើយតបចំពោះរឿងនេះ ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដែលយើងមាន»។ ចំណែកកាលពីសប្តាហ៍មុនឯណោះវិញ មន្រ្តីជាន់ខ្ពស់រុស្ស៉ីម្នាក់ ក៏បានចោទលើប៉ូឡូញផងដែរថា មានចិញ្ចឹមចិត្តចង់បានទឹកដីផ្នែកខាងលិចរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា គណៈកម្មាធិការសន្តិសុខរបស់ប៉ូឡូញ ទើបតែបានសម្រេចផ្លាស់អង្គភាពយោធា ឱ្យទៅប្រមូលផ្តុំនៅភាគខាងកើតប្រទេស បន្ទាប់ពីសមាជិកនៃក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានទៅដល់ប្រទេសបេឡារុស។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងមីនស្តិ៍បានប្រកាសថា ក្រុម Wagner បានចាប់ផ្តើមជួយបណ្តុះបណ្តាលកងកម្លាំងពិសេសបេឡារុស នៅមូលដ្ឋានហ្វឹកហ្វឺនយោធាមួយកន្លែង ដែលស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំប្រទល់ប៉ូឡូញ៕