(សេអ៊ូល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាវាមុជទឹកបំពាក់ទៅដោយមីស៉ីលបាលិស្ទីគនុយក្លេអ៊ែរ ឬហៅកាត់ថា SSBN មួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរចាកចេញពីប្រទេសកូរ៉េខាងត្បូងវិញហើយ ពោលគឺ៣ថ្ងៃ ក្រោយការមកចូលបំពេញទស្សនកិច្ចដ៏កម្រនៅទីក្រុងប៊ូសាន (Busan) ដើម្បីជាការបង្ហាញសាច់ដុំយោធាប្រឆាំងនឹង ការគំរាមកំហែងផ្នែកយោធាពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។
នាវាមុជទឹកមីស៉ីលនុយក្លេអ៊ែរអាមេរិកឈ្មោះ USS Kentucky បានធ្វើដំណើរមកដល់មូលដ្ឋានយោធាជើងទឹកកូរ៉េខាងត្បូងមួយកន្លែង នៅទីក្រុងប៊ូសាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងសកម្មភាពមួយដែលត្រូវបានមើលឃើញថា គឺជាការព្យាយាមជួយបន្ធូរបន្ថយក្តីព្រួយបារម្ភរបស់សាធារណជនកូរ៉េខាងត្បូង ចំពោះមុខការគំរាមកំហែងនៃមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
វាគឺជានាវាមុជទឹក SSBN ដំបូងបំផុតរបស់អាមេរិក ដែលបានមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង គិតចាប់តាំងតែពីឆ្នាំ១៩៨១មក។ ទស្សនកិច្ចនេះធ្វើឡើង ក្រោមការសន្យារបស់សហរដ្ឋអាមេរិក ដែលថានឹងបង្កើនថែមទៀត នូវការចល័តអាវុធយុទ្ធសាស្រ្តរបស់ខ្លួនមកកាន់ឧបទ្វីបកូរ៉េ ក្នុងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងវ៉ាស៉ីនតោន ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ហើយនិងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នា អំលុងកិច្ចប្រជុំកំពូលកាលពីខែមេសា។
គួរបញ្ជាក់ថា យ៉ាងណាមិញ វត្តមាននាវាមុជទឹក SSBN ខាងលើ បានបង្កឱ្យមានការខឹងសម្បារពីសំណាក់កូរ៉េខាងជើង។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិរបស់ទីក្រុងព្យុងយ៉ាង បានព្រមានថា ការដាក់ពង្រាយនាវាមុជទឹកមីស៉ីលនុយក្លេអ៊ែររបស់អាមេរិកមកកាន់កូរ៉េខាងត្បូង អាចនឹងស្ថិតក្រោមលក្ខខណ្ឌផ្លូវច្បាប់ សម្រាប់ឱ្យកូរ៉េខាងជើងមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតប។
នាវា USS Kentucky ស្ថិតក្នុងចំណោមនាវាមុជទឹក SSBN ថ្នាក់ Ohio សរុបចំនួន១៤គ្រឿងរបស់អាមេរិក ដោយមួយគ្រឿងៗអាចផ្ទុកមីស៉ីលបាលិស្ទីគ Trident-II D5 បានខ្ទង់២០គ្រាប់ ដែលអាចបាញ់បានចម្ងាយរហូតដល់១២,០០០គីឡូម៉ែត្រ៕