(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដកហូតតំណែងលោក វ៉ាឌីម ព្រីស្តៃកូ (Vadym Prystaiko) ជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំចក្រភពអង់គ្លេស បន្ទាប់ពីមន្រ្តីទូតជាន់ខ្ពស់រូបនោះ បាននិយាយរិះគន់លើលោកប្រធានាធិបតីអ៊ុយក្រែន ជាសាធារណៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sky News កាលពីសប្តាហ៍មុន លោក Prystaiko ត្រូវបានសាកសួរអំពីអត្ថាធិប្បាយរបស់ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក បេន វ៉លលែស (Ben Wallace) ដែលចង់ឱ្យទីក្រុងកៀវបង្ហាញការដឹងគុណជាងមុន សម្រាប់កិច្ចប្រឹងប្រែងជួយផ្តល់ជំនួយជាសព្វាវុធ ពីសំណាក់ក្រុមសម្ព័ន្ធមិត្តលោកខាងលិច សម្រាប់យកទៅប្រយុទ្ធតតាំង ជាមួយកងកម្លាំងឈ្លានពានរបស់រុស្ស៉ី។
ជាការឆ្លើយតបលោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនតែងតែដឹងគុណចក្រភពអង់គ្លេសជានិច្ច ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយ។ បើតាមការស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេស លោកប្រធានាធិបតីអ៊ុយក្រែន ថែមទាំងបាននិយាយទៀតថា លោក Wallace គួរតែជួយណែនាំពីរបៀបដែលលោក ហ្សេលេនស្គី គួរតែបង្ហាញការដឹងគុណ ឬក៏អាចឱ្យលោកត្រូវងើបឡើងរាល់ព្រឹក ហើយបង្ហាញពាក្យអរគុណដល់ លោករដ្ឋមន្រ្តីការពារជាតិអង់គ្លេស តែម្តង។
ពេលត្រូវបានសាកសួរថា តើការឆ្លើយតបរបស់លោក ហ្សេលេនស្គី ហាក់មានន័យបង្កប់បែបឌឺដងឬយ៉ាងណានោះ លោក Prystaiko បានប្រាប់សារព័ត៌មាន Sky News ថា គឺមានបង្កប់តិចតួចពិតមែន ត្រង់កន្លែងលោក ហ្សេលេនស្គី និយាយថា ពេលលោកក្រោកពីដំណេករៀងរាល់ព្រឹក គឺលោកនឹងទូរស័ព្ទទៅកាន់លោក Ben Wallace ដើម្បីអរគុណ។ លោក Prystaiko បានបន្ថែមដូច្នេះទៀតថា «ខ្ញុំមិនជឿថាការនិយាយបង្កប់ន័យឌឺដងបែបនេះ គឺជារឿងមួយដែលល្អឡើយ ខណៈយើងត្រូវបង្ហាញឱ្យរុស្ស៉ីឃើញច្បាស់ថា ពួកយើងកំពុងធ្វើការជាមួយគ្នា»។
គួរបញ្ជាក់ថា ក្នុងបទបញ្ជារបស់លោក ហ្សេលេនស្គី ដែលបង្គាប់ឱ្យបញ្ឈប់តួនាទីលោក Prystaiko គឺមិនមានភ្ជាប់ហេតុផលអ្វីនោះទេ។ ម៉្យាងវិញទៀត វាក៏មិនមានការប្រកាសឈ្មោះអ្នកដែលនឹងត្រូវជំនួសលោកដែរ។ លោក Prystaiko វ័យ៥៣ឆ្នាំ គឺជាអ្នកការទូតមានបទពិសោធន៍ម្នាក់ និងជាអតីតឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន ដែលបានកាន់តំណែងជាឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅចក្រភពអង់គ្លេស អស់រយៈពេល៣ឆ្នាំមកហើយ៕