(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីរបស់សហដ្ឋអាមេរិក បានបង្ហើបឱ្យដឹងនៅក្នុងសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយបណ្តាមេដឹកនាំនៃក្រុមប្រទេសដែនកោះតំបន់ប៉ាស៉ីហ្វិក នៅខែកញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។
លោក ចូសេព យូន (Joseph Yun) ដែលជាមន្រ្តីអាមេរិកទទួលបន្ទុកការចរចាជាមួយ ប្រទេសដែនកោះប៉ាស៉ីហ្វិកសំខាន់ៗចំនួន៣ បាននិយាយយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញារៀបចំកិច្ចប្រជុំកំពូលអាមេរិក-ប៉ាស៉ីហ្វិកលើកទី២ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ»។ យោងតាមលោក យូន កិច្ចប្រជុំកំពូលត្រូវរំពឹងថា នឹងប្រារព្ធឡើងអំលុងពេលនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូយ៉ក ក្នុងខែជាមួយគ្នានោះ។
គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) កាលពីខែឧសភា គឺលោក បៃដិន នឹងរៀបចំកិច្ចប្រជុំកំពូលមួយទៀត ជាមួយក្រុមមេដឹកនាំប្រទេសដែនកោះប៉ាស៉ីហ្វិក ក្នុងឆ្នាំនេះ បន្ទាប់ការខកបំណង ដែលបង្កឡើងដោយសារការលុបចោលគម្រោងទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ ដោយសារតែវិបត្តិពិដានបំណុលនៅសហរដ្ឋអាមេរិក។ លោក បៃដិន បានបើកកិច្ចប្រជុំកំពូលលើកដំបូង ជាមួយក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក កាលពីខែកញ្ញា ឆ្នាំមុន នៅសេតវិមាន។
បច្ចុប្បន្ន ទីក្រុងវ៉ាស៉ីនតោនកំពុងផ្តោតការយកចិត្តទុកដាក់ឡើងវិញ ទៅលើសារសំខាន់នៃទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តារដ្ឋដែនកោះនៅមហាសមុទ្រប៉ាស៉ីហ្វិក ចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកទាំងមូល៕