(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅសុក្រនេះបានអំពាវនាវឱ្យ សមាគមស្បៀងអាហាររបស់ប្រទេសនេះ ធានាការផ្គត់ផ្គង់អង្ករក្នុងស្រុកឱ្យបានគ្រប់គ្រាន់ និងធានាសន្តិសុខស្បៀង បន្ទាប់ពីប្រទេសឥណ្ឌាបានរឹតបន្តឹងការនាំចេញអង្កររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ប្រទេសឥណ្ឌាដែលតំណាងឱ្យ ៤០ភាគរយ នៃការនាំចេញអង្កររបស់ពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យបញ្ឈប់ការនាំចេញអង្ករដ៏ធំបំផុតរបស់ខ្លួន ដើម្បីកាត់បន្ថយតម្លៃក្នុងស្រុក។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាននិយាយនៅក្នុងឯកសារមួយ ផ្ញើទៅសមាគមស្បៀងអាហារវៀតណាម ថា «ចំណាត់ការរបស់ឥណ្ឌាក្នុងការរឹតបន្តឹងការនាំចេញអង្ករ នឹងប៉ះពាល់ដល់ទីផ្សារអង្ករពិភពលោក»។
ក្រសួងបានស្នើឱ្យសមាគមតំណាងអ្នកនាំចេញ និងអ្នកកែច្នៃអង្ករ បញ្ជាឱ្យសមាជិករបស់ពួកគេ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ នៃការក្សាអង្ករបម្រុងស្មើនឹងយ៉ាងហោចណាស់ ៥ភាគរយ នៃការនាំចេញសម្រាប់រយៈពេលប្រាំមួយខែមុន។
នៅក្នុងឯកសារដាច់ដោយឡែកមួយ ក្រសួងបានអំពាវនាវឱ្យពាណិជ្ជករអង្ករ ធ្វើឱ្យមានតុល្យភាពការនាំចេញ និងការលក់ក្នុងស្រុក ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក។
គួរបញ្ជាក់ថា វៀតណាមជាប្រទេសនាំចេញអង្ករធំទីបីរបស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ។ ការនាំចេញអង្ករនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បានកើនឡើង ២១.៣ ភាគរយ ធៀបនឹងឆ្នាំមុនដែលមានរហូតដល់ ៤.២៤លានតោន នេះបើយោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល៕