(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាចម្បាំងបន្ថែម និងកងម៉ារីនរាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីបង្កើនសន្តិសុខ បន្ទាប់ពីមានការប៉ុនប៉ងរបស់អ៊ីរ៉ង់ ក្នុងរឹបអូសនាវាពាណាជ្ជកម្មនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍បានអនុម័ត លើការដាក់ពង្រាយក្រុមត្រៀមលក្ខណៈវាយប្រហារ និងកងកម្លាំងបេសកកម្មដែនសមុទ្រទី ២៦ ទៅកាន់តំបន់ឈូងសមុទ្រ នេះបើយោងតាមមន្ត្រីអាមេរិក។ ក្រុមត្រៀមលក្ខណៈវាយប្រហារ មាននាវាចំនួនបីគ្រឿង ក្នុងនោះរួមទាំងនាវាវាយលុកនាវាចម្បាំង USS Bataan ខណៈកម្លាំងបេសកកម្មជាធម្មតាមានទាហានម៉ារីនប្រមាណ ២,៥០០នាក់។
ក្រៅពីនាវា USS Bataan ក្រុមនេះរួមបញ្ចូលទាំងនាវាចម្បាំងពីរផ្សេងទៀត USS Mesa Verde និង USS Carter Hall ។ ក្រុមនេះបានចាកចេញពីកំពុងផែ Norfolk រដ្ឋ Virginia កាលពីដើមខែនេះ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ការដាក់ពង្រាយនេះនឹងផ្តល់នូវ «ភាពបត់បែនកាន់តែច្រើន និងសមត្ថភាពកងទ័ពជើងទឹកនៅក្នុងតំបន់»។
គួរបញ្ជាក់ថា ការដាក់ពង្រាយនេះធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការបញ្ជូននាវាពិឃាត USS Thomas Hudner និងយន្តហោះចម្បាំង F-35 និង F-១៦ មួយចំនួនទៅកាន់តំបន់។ យន្តហោះវាយប្រហារ A-10 ក៏បានទៅទីនោះជាច្រើនសប្តាហ៍ ដើម្បីឆ្លើយតបនឹងសកម្មភាពអ៊ីរ៉ង់ផងដែរ។
កាលពីដើមខែនេះ អ៊ីរ៉ង់បានព្យាយាមរឹបអូសយកនាវាដឹកប្រេងពីរគ្រឿងនៅជិតច្រកសមុទ្រ Hormuz ហើយបានបើកការបាញ់ប្រហារទៅលើនាវាដឹកប្រេងមួយគ្រឿង។ គោលបំណងនៃការដាក់ពង្រាយនេះគឺ ដើម្បីផ្តល់គម្របអាកាសសម្រាប់កប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់ផ្លូវទឹក Hormuz និងបង្កើនការមើលឃើញសកម្មភាពយោធានៅក្នុងតំបន់ជាដើម នេះបើតាមការអះអាងរបស់ភាគីសហរដ្ឋអាមេរិក៕