(ញូដេលី)៖ បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីស្រីលង្កា ក្នុងទីក្រុងញូដេលី លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃសុក្រនេះបាននិយាយថា ឥណ្ឌានិងស្រីលង្កា នឹងធ្វើការសិក្សាអំពីលទ្ធភាពសាងសង់បំពង់បង្ហូរប្រេងឥន្ធនៈ រួមទាំងការធ្វើស្ពានតភ្ជាប់ដីគោកនៃប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំំ២០២៣។
ទីក្រុងញូវដេលី បានយល់ព្រមផ្តល់ជំនួយយ៉ាងឆាប់រហ័សក្នុងទំហំទឹកប្រាក់ប្រហែល ៤ពាន់លានដុល្លារដល់ស្រីលង្កានៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២។ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វ៉ិក្រេម៉េស៉ីងហេ (Ranil Wickremesinghe) ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសឥណ្ឌា បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រមលើ «ចក្ខុវិស័យ» ដើម្បីបង្កើនភាពជាដៃគូសេដ្ឋកិច្ចរបស់ពួកគេ។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់ស្រីលង្កាដែលស្ទើរតែអស់ប្រាក់បម្រុងបរទេស ហើយបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ និងជួបការលំបាកក្នុងការនាំចូលមុខទំនិញសំខាន់ៗ ដែលរួមទាំងប្រេងឥន្ធនៈ និងថ្នាំពេទ្យ៕