(វ៉ាសូវី)៖ ក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ គណៈកម្មាធិការសន្តិសុខប៉ូឡូញ បានសម្រេចផ្លាស់ប្តូរបន្ទាយយោធា ទៅកាន់ភាគខាងកើតប្រទេស ដោយសារតែវត្តមានរបស់ក្រុម Wagner នៅក្នុងប្រទេសបេឡារុស។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP ដោយស្រង់ពីប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំំ២០២៣។
ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួ Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបង្ហោះវីដេអូមួយថា ក្រុមលោកទៅបានដល់បេឡារុស ហើយថាពួកគេនឹងមិនចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនទៀតនោះទេ ប៉ុន្តែប្រមូលផ្តុំកម្លាំងសម្រាប់ទ្វីបអាហ្វ្រិក។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការពារជាតិបេឡារុស ក៏បានឲ្យដឹងដែរថា ក្រុមទាហានស៊ីឈ្នួល Wagner បានចាប់ផ្តើមហ្វឹកហាត់ដល់កងកម្លាំងពិសេសបេឡារុសនៅទីបញ្ជាការយោធា ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនជាមួយប៉ូឡូញ។
លេខាធិការនៃគណៈកម្មការសន្តិសុខប៉ូឡូញ លោក ស្បីគនៀក ហហ្វម៉ាន់ (Zbigniew Hoffmann) បានប្រាប់គូសបញ្ជាក់ថា «ការហ្វឹកហ្វឺន ឬសមយុទ្ធរួមគ្នារបស់កងទ័ពបេឡារុស និងក្រុម Wagner គឺជាការបង្កហេតុ។ តាមការវិភាគរបស់គណៈកម្មាធិការប៉ូឡូញ វាគឺគំរាមកំហែងដែលអាចកើតមាន ដូច្នេះ លោក ម៉ារូអ៊ូស ប្លាស់ហ្សាក់ (Mariusz Blaszczak) ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ បានសម្រេចចិត្តផ្លាស់បន្ទាយយោធារបស់យើងពីភាគខាងលិច ទៅភាគខាងកើតនៃប្រទេសវិញ»។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា ប៉ូឡូញបានប្រកាសបញ្ជូនប៉ូលិសចំនួន ៥០០នាក់ទៅការពារសន្តិសុខ នៅព្រំដែនជាមួយប្រទេសបេឡារុស។ បើតាមរដ្ឋមន្ត្រីការពារជាតិ នៅដើមខែនេះប៉ូឡូញបានចាប់ផ្តើមចល័តកងទ័ពជាង ១,០០០នាក់ទៅកាន់ភាគខាងកើតប្រទេស៕