(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោក នឹងមិនសហការជាមួយការស៉ើបអង្កេត របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការសម្លាប់មនុស្សខ្ទង់ពាន់នាក់ ដែលបានកើតឡើង អំលុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនដោយប្រើកណ្តាប់ដៃដែក របស់អតីតមេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
លោក ម៉ាកូស នៅតែរក្សាជំហរថា តុលាការ ICC មិនមានយុត្តាធិការលើហ្វីលីពីនទេ ខណៈប្រទេសអាស៊ានមួយនេះ បានដកខ្លួនចេញពី ICC កាលពីខែមីនា ឆ្នាំ២០១៩។ លោកប្រធានាធិបតីហ្វីលីពីន បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងនឹងមិនផ្តល់កិច្ចសហការដល់ពួកគេ ក្នុងទម្រង់ណាមួយឡើយ»។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមចៅក្រមឧទ្ធរណ៍នៅ ICC បានច្រានចោល ការប៉ុនប៉ងរបស់ហ្វីលីពីន ដែលចង់រារាំងកុំឱ្យក្រុមរដ្ឋអាជ្ញារបស់ ICC បើកការស៉ើបអង្កេតលើសង្រ្គាមបង្រ្កាបគ្រឿងញៀន របស់អតីតប្រធានាធិបតី លោក ឌូតឺតេ ដែលបានដឹកនាំហ្វីលីពីនរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់២០២២។
ប៉ូលិសហ្វីលីពីនបានទទួលស្គាល់ផ្លូវការថា មានមនុស្សស្លាប់ប្រហែល៦,២០០នាក់ អំលុងយុទ្ធនាការបង្រ្កាបគ្រឿងញៀន ប៉ុន្តែបានច្រានចោលការចោទប្រកាន់ អំពីការសម្លាប់ជាលក្ខណៈប្រព័ន្ធ និងការព្យាយាមបិទបាំង ខណៈក្រុមអង្គការសិទ្ធិមនុស្សបានអះអាងថា ចំនួនអ្នកស្លាប់ជាក់ស្តែងគឺច្រើនជាងនេះឆ្ងាយ។ លោក ម៉ាកូស បានលើកឡើងថា បទឧក្រិដ្ឋដែលជាប់សង្ស័យនោះ ត្រូវតែដោះស្រាយនៅក្នុងប្រទេសហ្វីលីពីន ព្រោះពួកវាបានប្រព្រឹត្តទៅ នៅក្នុងទឹកដីហ្វីលីពីនផ្ទាល់។ រីឯក្រសួងយុត្តិធម៌ហ្វីលីពីន ក៏បានសន្យាផងដែរថា ការស៉ើបអង្កេតរបស់ខ្លួនលើសង្រ្គាមគ្រឿងញៀននោះ នឹងមានភាពយុត្តិធម៌ហើយមានតម្លាភាព។
គួរបញ្ជាក់ថា ស្របពេលដែលហ្វីលីពីនលែងមានឋានៈ ជាប្រទេសហត្ថលេខីនៃតុលាការ ICC ទៀតក៏ដោយ ប្រមុខរដ្ឋអាជ្ញា ICC ធ្លាប់បានអះអាងថា តុលាការអន្តរជាតិនេះ នៅមានយុត្តាធិការលើប្រទេសហ្វីលីពីន ដោយសារតែហ្វីលីពីននៅមានឋានៈជាភាគីមួយនៅឡើយ អំលុងពេលដែលបទឧក្រិដ្ឋដែលជាប់សង្ស័យនោះ ត្រូវបានប្រព្រឹត្ត៕