(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃសុក្រនេះ បានប្រកាសថា កងទ័ពជើងទឹករុស្ស៉ីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រខ្មៅ ក្រោយវិមានក្រឹមឡាំងក្នុងសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងចាត់ទុកកប៉ាល់ទាំងឡាយ ដែលធ្វើដំណើរទៅកាន់អ៊ុយក្រែនតាមផ្លូវទឹកនោះ ជាគោលដៅយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ី បានប្រាប់ថា នាវាបំពាក់មីស៉ីល១គ្រឿង នៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៉ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៃមីស៉ីលគ្រូសប្រឆាំងនាវា នៅឯតំបន់ភាគពាយព្យនៃសមុទ្រខ្មៅ ហើយកប៉ាល់ដែលជាគោលដៅ គឺត្រូវបានបំផ្លាញអំលុងការធ្វើសមយុទ្ធ ដោយសារការវាយប្រហារមីស៉ីលនោះ។
ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលផ្តល់សុវត្ថិភាពដល់ការដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់ធញ្ញជាតិ ចេញពីអ៊ុយក្រែន វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមចាត់ទុកកប៉ាល់ដឹកទំនិញនានា ដែលមានគោលដៅធ្វើដំណើរទៅអ៊ុយក្រែនតាមសមុទ្រខ្មៅ ជាគោលដៅយោធា។
ទោះជាបែបនេះក៏ដោយ អ៊ុយក្រែនបានអះអាងថា ខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ចេញពីតាមកំពង់ផែ នៅភាគខាងត្បូងប្រទេស បន្ទាប់ពីទីក្រុងមូស្គូសម្រេចដើរចេញពីកិច្ចព្រមព្រៀង។ ទីក្រុងកៀវបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ (UN) រួមនិងបណ្តាប្រទេសក្បែរខាង ឱ្យជួយធានាសុវត្ថិភាពដល់ការធ្វើដំណើរដល់កប៉ាល់ដឹកទំនិញ តាមរយៈការធ្វើប្រតិបត្តិការល្បាតរួមគ្នា។
គួរបញ្ជាក់ថា បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំមុន ក្រុមនាវាចម្បាំងរុស្ស៉ីបានបិទខ្ទប់កំពង់ផែនានារបស់អ៊ុយក្រែន រហូតទាល់តែភាគីទាំងពីរឯកភាពគ្នា លើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិខាងលើ ក្រោមការជួយសម្រុះសម្រួលពី UN និងតួកគី។ កិច្ចព្រមព្រៀងនោះ បានបើកផ្លូវដល់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន សរុបជាង៣២លានតោន កាលពីឆ្នាំមុន ហើយបានជួយផ្តល់ភាពធូរស្រាល ដល់ប្រទេសមួយចំនួន ដែលប្រឈមបញ្ហាខ្វះខាតស្បៀងអាហារខ្លាំង ដូចជាអាហ្វហ្កានីស្ថាន ស៊ូដង់ និងយេម៉ែន ជាដើម៕