(បាងកក)៖ គណបក្ស Move Forward ដែលជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភា បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្តល់តួនាទីឱ្យគណបក្សភឿថៃ (Pheu Thai) ដែលឈ្នះបានអាសនៈច្រើនជាងគេទី២ ក្នុងការបោះឆ្នោត គឺជាអ្នកព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីវិញម្តង ក្រោយពីលោក Pita Limjaroenrat ដែលជាមេដឹកនាំរបស់ Move Forward បានទទួលបរាជ័យពីរលើក ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
Move Forward និង Pheu Thai ស្ថិតក្នុងក្រុមចម្រុះតែមួយ មានគណបក្សសរុបចំនួន៨ ដែលពីដំបូងឡើយ បានរួមគ្នាផ្តល់ការគាំទ្រដល់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែកិច្ចប្រឹងប្រែងបែបនោះ ត្រូវបានរារាំងដោយក្រុមអភិរក្សនិយមនៃរដ្ឋសភានិងក្រុមសមាជិកព្រឹទ្ធសភា ក្នុងការបោះឆ្នោតនៅសភាកាលពីថ្ងៃទី១៣ ខែកក្កដា ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ ពួកគេបានបដិសេធមិនឱ្យលោក Pita អាចត្រូវតែងតាំងជាបេក្ខជននាយករដ្ឋមន្រ្តី សាជាថ្មីតែម្តង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសុក្រនេះ លោក ឆៃថាវ៉ាត់ ទូឡាថន (Chaithawat Tulathon) អគ្គលេខាធិការបក្ស Move Forward បាននិយាយដូច្នេះថា «វាច្បាស់ណាស់ថា កងកម្លាំងអភិរក្សនិយមនឹងមិនអនុញ្ញាតឱ្យ Move Forward ដឹកនាំរដ្ឋាភិបាលឡើយ។ បញ្ហាសំខាន់នាពេលនេះ មិនមែនថាតើលោក Pita អាចក្លាយជានាយករដ្ឋមន្រ្តីដែរឬអត់ទេ ប៉ុន្តែគឺការព្យាយាមនាំយកប្រជាធិបតេយ្យមកកាន់ប្រទេសថៃវិញ... ពួកយើងនឹងផ្តល់ឱកាសនេះ ឱ្យប្រទេសរបស់យើង ដោយទុកឱ្យគណបក្សឈរនៅលេខ២ (ភឿថៃ) ដឹកនាំការបង្កើតរដ្ឋាភិបាលវិញម្តង»។
គណបក្ស Pheu Thai ត្រូវគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងតែងតាំងមហាសេដ្ឋីចលនទ្រព្យ ដែលទើបតែប្រឡូកចូលនយោបាយ គឺលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជាបេក្ខជននាយករដ្ឋមន្រ្តី ដើម្បីឱ្យសភាថៃបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ គណបក្ស Pheu Thai និង Move Forward បូករួមជាមួយក្រុមចម្រុះរបស់ពួកគេ គឺមានអាសនៈសរុប៣១២ ខណៈដើម្បីអាចជាប់នាយករដ្ឋមន្រ្តី គឺត្រូវការសំឡេងគាំទ្រ៣៧៥សំឡេង ដែលជាសំឡេងភាគច្រើននៃអាសនៈសរុបបញ្ចូលគ្នា រវាងរដ្ឋសភានិងព្រឹទ្ធសភាថៃ៕