(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ ទីក្រុងសេអ៊ូលបានប្រាប់ទៅកាន់កូរ៉េខាងជើងវិញថា បើហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺស្មើនឹងទីអវសាននៃរបបដឹកនាំរបស់លោក គីម ជុងអ៊ុន ជាក់ជាមិនខានឡើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចេញមុខព្រមានសងសឹកដោយប្រើនុយក្លេអ៊ែរ ជុំវិញការកើនឡើងនៃការដាក់ពង្រាយអាវុធយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក មកកាន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
ការព្រមានវាយបកដូចខាងលើរបស់កូរ៉េខាងត្បូងធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការមកបំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះ នៃនាវាមុជទឹកបំពាក់មីស៉ីលបាលិស្ទីគនុយក្លេអ៊ែរ១គ្រឿងរបស់អាមេរិក នៅទីក្រុងប៊ូសាន (Busan) ដែលជាលើកទីមួយគិតចាប់តាំងពីឆ្នាំ១៩៨១មក គឺអាចស្របតាមលក្ខខណ្ឌផ្លូវច្បាប់ សម្រាប់ឱ្យកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាការឆ្លើយតប។
នៅថ្ងៃសុក្រនេះវិញ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដូចដែលយើងធ្លាប់បានបញ្ជាក់ច្បាស់ពីមុនរួចហើយថា ការវាយប្រហារនុយក្លេអ៊ែរមកលើសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក នឹងទទួលរងទៅវិញនូវការឆ្លើយតបដែលខ្លាំងក្លាធ្ងន់ធ្ងរភ្លាមៗ។ ប្រសិនបើការវាយប្រហារបែបនោះកើតឡើង របបដឹកនាំកូរ៉េខាងជើង នឹងជួបទីបញ្ចប់របស់ខ្លួនមិនខាន»។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបន្តថា ការធ្វើទស្សនកិច្ចនៃនាវាមុជទឹកមីស៉ីលនុយក្លេអ៊ែរអាមេរិក គឺជាការឆ្លើយតបបែបការពារខ្លួន ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ ដែលកាន់តែកើនឡើងរបស់ទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា អំលុងទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ទៅកាន់ទីក្រុងវ៉ាស៉ីនតោន កាលពីខែមេសា ដើម្បីបើកកិច្ចប្រជុំកំពូលទ្វេភាគីជាមួយប្រធានាធីបតីអាមេរិក លោក ចូ បៃដិន មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា បង្កើនការចល័តអាវុធយុទ្ធសាស្រ្តដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់កូរ៉េខាងត្បូង ដូចជាយន្តហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្តហោះចម្បាំង និងនាវាមុជទឹក ជាដើម ដើម្បីកំញើញកូរ៉េខាងជើង ដែលបាននិងកំពុងបន្តប្រឹងប្រែងអភិវឌ្ឍកម្មវិធីមីស៉ីល-នុយក្លេអ៊ែររបស់ខ្លួន៕