(ប៉េកាំង)៖ ប្រទេសចិន បានបង្កើនសកម្មភាពឆ្លើយតបបន្ទាន់ក្នុងតំបន់មួយចំនួននៃទីក្រុងប៉េកាំង ធានជីន ហឺប៉ី និងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងទឹកជំនន់នៅតំបន់អាងទន្លេហៃ (Hai) ខណៈដែលមានការព្យាករថាភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានឡើងនៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍នៅព្រហស្បតិ៍សប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀងរហូតដល់កម្រិត ១៥០មីលីម៉ែត្រ ត្រូវបានព្យាករថានឹងបោកបក់ទៅលើផ្នែកខ្លះនៃទីក្រុងប៉េកាំង និងទីក្រុងហឺប៉ី ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យចុងសប្តាហ៍ ខណៈទឹកជំនន់អាចនឹងវាយប្រហារលើអាងទន្លេ Hai ក្នុងរយៈពេល ៣ថ្ងៃខាងមុខ។
ក្រសួងធនធានទឹកបាននឹងកំពុងរៀបចំអាងស្តុកទឹក ដើម្បីការពារទឹកជំនន់ពីភ្នំដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ កិច្ចខិតខំប្រឹងប្រែងជាសំខាន់ នឹងផ្តោតលើការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ជាមុន។ ក្រសួងក៏បានបញ្ជូនក្រុមការងារចំនួន ៣ក្រុមទៅកាន់តំបន់រងគ្រោះផងដែរ។
គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗបានហូរកាត់ផ្នែកខ្លះនៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយទីក្រុងឆុងឈីង (Chongqing) ស្ថិតនៅឯភាគនិរតីរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេ។ រីឯស្រុកហួននីង នៃខេត្តកានស៊ូ (Gansu) ភាគពាយ័ព្យក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ៕