(កៀវ)៖ រុស្ស៉ី បានបង្កើនការវាយប្រហារតាមផ្លូវអាកាស នៅយប់ទីបីជាប់ៗគ្នាលើកំពង់ផែរបស់អ៊ុយក្រែន ព្រមជាមួយការគំរាមថានាវាដឹកធញ្ញជាតិតាមច្រកនេះនឹងក្លាយជាគោលដៅរបស់ខ្លួន ខណៈអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនិយាយថា ខ្លួន នឹងចាត់វិធានការស្រដៀងគ្នានេះដោយពិចារណាទៅលើនាវារុស្ស៉ីដែលចូលមក ឬនៅក្នុងទឹកដីអ៊ុយក្រែនដែលរុស្ស៉ីកំពុងកាន់កាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
យ៉ាងហោចណាស់ជនស៊ីវិល ២៧នាក់ត្រូវបានរាយការណ៍ថារងរបួស ក្នុងការវាយប្រហារតាមអាកាសលើកំពង់ផែទីក្រុងអូដេសា (Odesa)។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយព្រមានថា «ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៉ីវិល អាចជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ»។
ទីក្រុងមូស្គូ ចាត់ទុកការវាយប្រហារកំពង់ផែថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើស្ពានរបស់រុស្ស៉ីទៅកាន់គ្រីមៀ កាលពីថ្ងៃចន្ទដើមសប្តាហ៍ ហើយថាការវាយប្រហារសងសឹករបស់ខ្លួនកំពុងបន្ត និងទៅលើគ្រប់គោលដៅនៃទីក្រុងអូដេសា និងម៉ាយកូលៀវ (Mykolaiv)។ ដោយឡែក អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានឲ្យដឹងថា គ្រាប់បែកចង្កោមដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកផ្តល់ឲ្យអ៊ុយក្រែន កំពុងត្រូវបានដាក់ពង្រាយនៅសមរភូមិប្រយុទ្ធជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា ភាពតានតឹងនៅឯតំបន់សមុទ្រខ្មៅកើតឡើងនៅពេលដែលទីក្រុងកៀវ បានរាយការណ៍ពីការប៉ុនប៉ងថ្មីរបស់រុស្ស៉ី ដើម្បីត្រលប់ទៅការវាយលុកភាគឦសាន ដោយការប្រមូលផ្តុំកងទ័ពចំនួន ១០០,០០០នាក់ និងចល័តរថក្រោះរាប់រយគ្រឿង។ ចាប់តាំងពីខែមិថុនាមក កងកម្លាំងអ៊ុយក្រែនបានវាយបកនៅភាគខាងកើត និងភាគខាងត្បូង ដោយដណ្តើមយកទឹកដីមួយចំនួនតូច ប៉ុន្តែការរីកចម្រើនមានភាពយឺតយ៉ាវ ហើយមិនទាន់អាចវាយបំបែកខ្សែការពារសំខាន់ៗរបស់រុស្ស៉ីបាននៅឡើយទេ៕