(បាកដាដ)៖ អ៉ីរ៉ាក់ បានសម្រេចបណ្តេញឯកអគ្គរដ្ឋទូតស៊ុយអែតចេញពីប្រទេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដើម្បីសម្តែងការតវ៉ា ជុំវិញគម្រោងដុតគម្ពីគួរអាន នៅទីក្រុងស្តុកខុល ដែលបង្កការខឹងសម្បាររហូតដល់មានក្រុមបាតុកររាប់រយនាក់បានសម្រុកចូលស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាកដាដ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៉ីរ៉ាក់ បានឱ្យដឹងដែរថាទីក្រុងបាកដាដ ក៏បានកោះហៅ «ភារធារីរបស់ខ្លួន» ត្រឡប់ចូលស្រុកវិញផងដែរ ខណៈទីភ្នាក់ងារសារព័ត៌មាន រដ្ឋរាយការណ៍ថា អ៉ីរ៉ាក់បានផ្អាកដំណើរការក្រុមហ៊ុនទូរគមនាគមន៍ Ericsson របស់ស៊ុយអែតនៅលើទឹកដីអ៉ីរ៉ាក់។ ជាមួយគ្នានោះ ទីក្រុងបាកដាដបានជូនដំណឹងដល់ រដ្ឋាភិបាលស៊ុយអែតថា ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការដុតគម្ពីគួរអាននៅលើដីស៊ុយអែត ចាំបាច់នឹងត្រូវផ្តាច់ទំនាក់ទំនងការទូត។
ដោយឡែក រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូប៊ីស ប៊ីលស្រ្តូម (Tobias Billstrom) បានចាត់ទុកថា ការសម្រុកចូលស្ថានទូតគឺជារឿងមិនអាចទទួលយកបាន ហើយ រដ្ឋាភិបាលស៊ុយអែតថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពទាំងនោះ។ ពេលនេះ រដ្ឋាភិបាលកំពុងទាក់ទងជាមួយអ្នកតំណាងជាន់ខ្ពស់អ៉ីរ៉ាក់ ដើម្បីសម្ដែងការសោកស្ដាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមបាតុករដែលមានការខឹងសម្បារទៅនឹងគម្រោងដុតបំផ្លាញសេចក្ដីចម្លងនៃ «គម្ពីគួរអាន» របស់សាសនាអ៉ីស្លាម នៅក្នុង ប្រទេសស៊ុយអែត បានសម្រុកចូលអុកឡុកស្ថានទូតស៊ុយអែត ប្រចាំរដ្ឋធានីបាកដាដ ប្រទេសអ៉ីរ៉ាក់៕
នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Mohamed Shia al-Sudani