(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងព្រាងឡើងនូវផែនការ ដើម្បីប្រមូលមូលនិធិ ២០ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ២២ពាន់លានដុល្លារ ដើម្បីផ្ដល់ឱ្យអ៊ុយក្រែន នូវអាវុធ គ្រាប់រំសេវ និងជំនួយយោធានានា ខណៈកងកម្លាំងអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅឯតំបន់ភាគខាងកើត និងភាគខាងត្បូង នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
លោក Josep Borrell ជាប្រមុខគោលនយោបាយការបរទេសអឺរ៉ុប បានលើកឡើងនូវផែនការមានរយៈពេល ៤ឆ្នាំខាងលើ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស EU ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នៅក្រោយកិច្ចប្រជុំ លោក Borrell បាននិយាយថាសហភាពអឺរ៉ុប នឹងកែប្រែជំនួយដែលមានស្រាប់នាពេលបច្ចុប្បន្ន ទៅជាការប្ដេជ្ញាចិត្តរយៈពេលវែង ដើម្បីគាំទ្រសន្តិសុខ និងភាពធន់របស់អ៊ុយក្រែន។ «យើងស្នើឱ្យមានការបង្កើតផ្នែកពិសេសមួយស្ដីពីការសម្របសម្រួលសន្តិភាពអឺរ៉ុប ដើម្បី ផ្ដល់ជំនួយ ៥ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ មានរយៈពេល ៤ឆ្នាំ សម្រាប់ការការពារជាតិដែលអ៊ុយក្រែនត្រូវការ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Borrell។
គួរបញ្ជាក់ថា សំណើខាងលើដែលលើកឡើងដោយលោក Josep Borrell ធ្វើឡើង ចំពេលបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច ជំរុញឱ្យមានការផ្ដល់ជំនួយសន្តិសុខ រយៈពេលវែងសម្រាប់អ៊ុយក្រែន ដូចដែលបានសន្យាដោយប្រទេសជាសមាជិក G7 នៅឯកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី កាលពីសប្ដាហ៍មុន៕