(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញការសាកស្ដាយដែលអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ត្រូវបានទទួលស្វាគមន៍ យ៉ាងរាក់ទាក់ និងអាចជួបមន្ត្រីកំពូលៗរបស់ចិន បើធៀបទៅនឹងមន្ត្រីអាមេរិកបច្ចុប្បន្នមួយចំនួនដែលទទួលបានការសោះអង្គើយពីទីក្រុងប៉េកាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។
លោក Henry Kissinger គឺជាមនុស្សម្នាក់នៅពីក្រោយការធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ នៅអំឡុង ទសវត្សរ៍ឆ្នាំ១៩៧០មក ក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកទាំង២រូប គឺលោក Richard Nixon និងលោក Gerald Ford។ លោក Kissinger ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងនាមជា «មិត្តចាស់» ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពី ថ្ងៃព្រហស្បតិ៍៍សប្ដាហ៍នេះ ស្របពេលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបញ្ចុះកម្ដៅតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំង២។
សេតវិមានបាននិយាយថាខ្លួនបានដឹងពីដំណើរទស្សនកិច្ចរបស់លោក Kissinger ទៅកាន់ទីក្រុងប៉េកាំង ប៉ុន្តែថាវាគ្រាន់តែជាដំណើរទស្សនកិច្ចឯកជនរបស់ពលរដ្ឋ អាមេរិកម្នាក់ប៉ុណ្ណោះ។ នាឱកាសស្ថិតនៅក្នុងទីក្រុងប៉េកាំង អតីតប្រមុខការទូតអាមេរិកវ័យ ១០០ឆ្នាំរូបនេះបានជួបពិភាក្សាការងារជាមួយអ្នកការទូតកំពូលចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិ លោក លី សាងហ្វូ (Li Shangfu) ដែលបានបដិសេធមិនព្រមជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «វាពិតជាគួរឱ្យស្ដាយ ដែលពលរដ្ឋអាមេរិក សាមញ្ញម្នាក់ អាចជួបជាមួយរដ្ឋមន្ត្រីការពារជាតិ (ចិន) និងមានទំនាក់ទំនងមួយដែលសហរដ្ឋអាមេរិកមិនមាន»។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្ដារទំនាកទំនងរវាងយោធានៃប្រទេសទាំង២ឡើងវិញ បន្ទាប់ពីចិនបានកាត់ផ្ដាច់ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ កាលពីឆ្នាំ២០២២។ បើតាមក្រុមមន្ត្រីអាមេរិក ការព្យាយាមនេះមានគោលដៅ បញ្ចៀសកុំឱ្យមានការយល់ច្រឡំណាមួយដែលបង្កទៅជាជម្លោះរវាងមហាអំណាចទាំង២៕