(ប៉េកាំង)៖ អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ុយក្រែន បានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន នៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ (២០កក្កដា) ក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូង ដោយមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនទៅកាន់ប្រទេស ដែលមានភាពជាដៃគូ «គ្មានព្រំដែន»​ ជាមួយទីក្រុងម៉ូស្គូចាប់តាំងពីឆ្នាំ ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្ដដា ឆ្នាំ២០២៣។

ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់ទីភ្នាក់ងារ Reuters ថា ជំនួប​រវាង​ ​លោក Taras Kachka របស់​អ៊ុយក្រែន និង​លោកស្រី Ling Jie របស់​ចិន ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍នេះ ម៉ោង​នៅ​ទីក្រុងប៉េកាំង។

អគារអគ្គកុងស៊ុលចិននៅទីក្រុង Odessa របស់អ៊ុយក្រែន ត្រូវបានខូចខាតក្នុងការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងកាលពីយប់ថ្ងៃពុធ។ វាមិនច្បាស់ទេថាតើការវាយប្រហារ Odessa បានកើតឡើងមុនឬក្រោយកិច្ចប្រជុំនៅទីក្រុងប៉េកាំងនេះយ៉ាងណា។

លោកស្រី Ling បាននិយាយថា ប្រទេសចិនមានឆន្ទៈពង្រីកការនាំចូលផលិតផល ដែលមានគុណភាពខ្ពស់ពីអ៊ុយក្រែន ហើយធ្វើការជាមួយអ៊ុយក្រែនសម្រាប់ការអភិវឌ្ឍន៍យ៉ាងសកម្ម នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ។

លោកស្រី Ling បានបន្ថែមថា ប្រទេសចិនមានឆន្ទៈ «បង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងភ្នាក់ងារជំរុញការវិនិយោគនៃប្រទេសទាំងពីរ ហើយបន្តពង្រីកទំហំសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ»។

ចំណែកភាគីអ៊ុយក្រែន លោក Kachka ក៏បានឆ្លើយតបជាវិជ្ជមានដូច្នេះថា «យើងមានឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការមកដល់របស់ លោក Pavlo Riabikin ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសអ៊ុយក្រែន និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានចាប់ផ្តើមភារកិច្ចរបស់លោកកាលពីខែមុន ដោយបំពេញចន្លោះទំនេរ ចាប់តាំងពីអ្នកកាន់តំណែងមុនរបស់គាត់ បានស្លាប់ក្នុងខែកុម្ភៈ ឆ្នាំ២០២១។ ហើយវាក៏ឡើងបន្ទាប់ពីរុស្ស៉ីបានសម្រេចដកខ្លួនចេញពី កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិផងដែរ៕