(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តដកខ្លួនរបស់រុស្ស៉ី ចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ ដោយសុវត្ថិភាព ទៅកាន់ទីផ្សារពិភពលោក បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភជាថ្មី អំពីការផ្គត់ផ្គង់ស្បៀងអាហារសកល។ កិច្ចព្រមព្រៀងនេះបានជួយបញ្ចុះតម្លៃស្រូវសាលី និងប្រេងរុក្ខជាតិ ដែលបានឡើងថ្លៃខ្ពស់កប់ពពកកាលពីឆ្នាំ២០២២ នៅពេលដែលការវាយប្រហាររបស់រុស្ស៉ីកាត់ផ្ដាច់កំពង់ផែអ៊ុយក្រែននៅឯតំបន់សមុទ្រខ្មៅ ចេញពីទីផ្សារផលិតផលអន្តរជាតិ។ ដូច្នេះថាតើការបិទបញ្ចប់កិច្ចព្រមព្រៀងនាំចេញធញ្ញជាតិអ៊ុយក្រែន មានន័យដូចម្ដេច ចំពោះពិភពលោកទាំងមូល?
* ហេតអ្វីបានជាអ៊ុយក្រែនមានឥទ្ធិពលលើទីផ្សារចំណីអាហារពិភពលោក?
អ៊ុយក្រែនជាប្រទេសមានទឹកដីធំជាងគេលំដាប់ទី២ នៅក្នុងតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៉ី និងសម្បូរទៅដោយដីមានជីវជាតិសម្រាប់ការធ្វើកសិកម្មដាំដុះ។ គេនៅចាំ បានថា ដោយសារតែស្បៀងអាហាររបស់អ៊ុយក្រែននេះហើយ បានផ្គត់ផ្គង់ប្រជាជននៃអតីតសហភាពសូវៀត ដោយគ្មានបញ្ហាអស់រយៈពេលរាប់ទសវត្សរ៍ អំឡុងស្ថិតក្នុងភាពឯកោ។ នៅមុនពេលសង្រ្គាមផ្ទុះឡើង អ៊ុយក្រែននាំចេញផលិតផលកសិកម្មតួយ៉ាងដូចជាធញ្ញជាតិ ច្រើនជាងបណ្ដាប្រទេសជា សមាជិកសហភាពអឺរ៉ុបបូកបញ្ចូលគ្នាទៅទៀត ហើយផ្គត់ផ្គង់ជាងពាក់កណ្ដាលនៃការធ្វើពាណិជ្ជកម្មលើគ្រាប់ផ្កាឈូករ័ត្ន និងប្រេងរុក្ខជាតិ។
ទោះបីជានៅក្នុងរដូវកាលឆ្នាំ២០២២-២០២៣ ពោលគឺមួយឆ្នាំពេញនៅក្រោមសង្រ្គាមឈ្លានពានរបស់រុស្ស៉ី អ៊ុយក្រែននៅតែជាប្រទេសនាំចេញស្រូវសាលី ធំលំដាប់ទី៦ នៅលើពិភពលោក និងជាប់លេខ៣ ខាងនាំចេញពោត។ នៅរដូវប្រមូលផលនៅកាលពីចុងខែមិថុនា ការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន មានដល់ទៅជាង ៤៨លានតោន ប្រហាក់ប្រហែលនឹងរដូវកាលឆ្នាំ២០២១-២០២២ដែរ។
* តើកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិ ដំណើរការយ៉ាងដូចម្ដេច?
កិច្ចព្រមព្រៀងនាំចេញធញ្ញជាតិ ត្រូវបានចុះហត្ថលេខាក្នុងខែកក្កដា ឆ្នាំ២០២២ ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ កំពង់ផែចំនួន៣ នៃតំបន់សមុទ្រខ្មៅ ត្រូវបានបើកចំហសម្រាប់ការនាំចេញ។ កប៉ាល់ទាំងឡាយត្រូវបានតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យទាំងចេញ និងចូល នៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយបង្កើតឡើងក្នុង ទីក្រុងអ៉ីស្តង់ប៊ូល (តួកគី) ដោយមានការចូលរួមត្រួតពិនិត្យពីក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន រួមទាំងតួកគី និងអង្គការសហប្រជាជាតិដែលជាអ្នកជួយសម្រេច បាននូវកិច្ចព្រមព្រៀងនេះ។ ក្នុងឆ្នាំ២០២៣នេះ ផលិតផលដូចជាស្រូវសាលី ពោត និងគ្រាប់ផ្កាឈូករ័ត្ន ជិត ៣៣លានតោន ត្រូវបាននាំចេញ។ ការនាំចេញ ប្រចាំខែចេញពីកំពង់ផែសមុទ្រខ្មៅ បានកើនដល់ ៤.២លានតោនគិតត្រឹមខែតុលា ឆ្នាំ២០២២ ប៉ុន្តែបានធ្លាក់មកនៅត្រឹម ៣លានតោនចាប់ពីខែមេសា ឆ្នាំ២០២៣មក ខណៈមានការបង្កើនរយៈពេលត្រួតពិនិត្យយូរជាងមុន ហើយរុស្ស៉ីបានរារាំងការចុះបញ្ជីកប៉ាល់ទៅកាន់កំពង់ផែមួយ នៅក្នុងចំណោមកំពង់ផែ ដទៃទៀតក្នុងតំបន់សមុទ្រខ្មៅ។ នៅមុនផ្ទុះសង្រ្គាម អ៊ុយក្រែននាំចេញធញ្ញជាតិជាង ៥លានតោនក្នុងមួយខែ ឆ្លងកាត់តាមច្រកផ្លូវទឹកទាំងអស់នៃសមុទ្រខ្មៅ។ នេះបើតាមក្រសួងកសិកម្មអ៊ុយក្រែន។
* តើកិច្ចព្រមព្រៀងគឺជាមធ្យោបាយតែមួយគត់ សម្រាប់ការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន ឬ?
នៅត្រង់ចំណុចនេះ ចម្លើយគឺ «ទេ»។ ពោលគឺអ៊ុយក្រែននៅមានផ្លូវទឹក (ទន្លេ) និងផ្លូវគោកផ្សេងទៀតសម្រាប់ដឹកជញ្ជូន ដូចជាឆ្លងកាត់តាមព្រំដែននៃ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងកំពង់ផែនៅតាមទន្លេ Danube។ ប៉ុន្តែ បញ្ហាគឺនៅត្រង់ថាការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទន្លេនេះ គឺសមត្ថភាព មានកម្រិត និងត្រូវចំណាយច្រើនជាងការដឹកជញ្ជូនតាមសមុទ្រខ្មៅ។ ជាឧទាហរណ៍ កំពង់ផែនៅទន្លេ Danube អាចអនុញ្ញាតឱ្យតែកប៉ាល់តូចៗសម្រាប់ ដឹកជញ្ជូនប៉ុណ្ណោះ ដែលនេះកាត់បន្ថយដល់ទំហំនៃការនាំចេញ ខណៈការនាំចេញតាមរថភ្លើងត្រូវចំណាយពេលយូរ។
មិនតែប៉ុណ្ណោះ ការដឹកជញ្ជូនតាមផ្លូវគោកនេះក៏បង្កឱ្យមានបញ្ហា និងភាពតានតឹងជាមួយបណ្ដាប្រទេសក្បែរខាងជាសមាជិកសហភាពអឺរ៉ុប (EU) មួយចំនួន ផងដែរ ដែលអះអាងថាការមកដល់នៃផលិតផលកសិកម្មរបស់អ៊ុយក្រែន បានបង្កផលប៉ះពាល់ដល់កសិកររបស់ពួកគេ ដោយធ្វើឱ្យផលិតផលកសិកម្មនៅក្នុង ស្រុកធ្លាក់ថ្លៃ។ សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យរដ្ឋជាសមាជិករបស់ខ្លួនចំនួន៥ ក្នុងតំបន់អឺរ៉ុបខាងកើត អាចដាក់កំហិត ឬរឹតត្បិតលើការទិញធញ្ញជាតិ ពីអ៊ុយក្រែន តែការដឹកជញ្ជូនឆ្លងកាត់នៅតែអាចប្រព្រឹត្តទៅជាធម្មតា។ ការរឹតត្បិតទាំងនេះនឹងអស់សុពលភាពនៅខែកញ្ញា តែបណ្ដារដ្ឋ EU ទាំង៥ បានអំពាវនាវឱ្យពន្យារសុពលភាពបន្ថែម។
* ហេតុអ្វី រុស្ស៉ីដកខ្លួនចេញពីកិច្ចព្រមព្រៀង?
ខាងភាគីរុស្ស៉ី បាននិយាយថាការសម្រេចចិត្តរបស់ខ្លួន គឺដោយសារតែមានឧបសគ្គជាច្រើន បាន និងកំពុងរាំងខ្ទប់រុស្ស៉ីក្នុងការនាំចេញជីកសិកម្ម និងស្បៀង អាហារ ដែលនៅតែបន្តស្ថិតក្រោមបម្រាមនៅឡើយ។ ប៉ុន្តែ ធាតុពិត រុស្ស៉ីត្រូវបានគេរាយការណ៍ថាបាននាំចេញស្រូវសាលីក្នុងបរិមាណដ៏ច្រើនដល់ថ្នាក់
បំបែកកំណត់ត្រា រីឯការនាំចេញជីកសិកម្មវិញ បាន និងកំពុងងើបឡើងឆ្ពោះទៅរកកម្រិតនៅមុនពេលសង្រ្គាមផ្ទុះឡើង។ ផលិតផលចំណីអាហារមិនស្ថិតក្រោម ការដាក់ទណ្ឌកម្មដោយផ្ទាល់នោះទេ ប៉ុន្តែការដាក់ទណ្ឌកម្មលើបណ្ដាធនាគារុស្ស៉ី គួបផ្សំជាមួយការសម្រេចចិត្តរបស់ក្រុមហ៊ុនអន្តរជាតិធំៗ ដូចជាក្រុមហ៊ុន John Deere ដែលសម្រេចចិត្តដកខ្លួនចេញពីទីផ្សាររុស្ស៉ី បានបង្កផលវិបាកដល់កសិកររុស្ស៉ី ដ្បិតពួកគេមិនអាចស្វែងរកគ្រឿងបន្លាស់ ឬគ្រាប់ពូជសម្រាប់ការដាំដុះ។
ម្លោះហើយ ក្រសួងការបរទេសរុស្ស៉ី បានលើកឡើងនូវសំណើធំៗចំនួន ៥ ជាថ្នូរឱ្យទីក្រុងមូស្គូបន្តស្ថិតនៅក្នុងកិច្ចព្រមព្រៀងធញ្ញជាតិ ក្នុងនោះរួមមានការអនុញ្ញាត ឱ្យធនាគារកសិកម្មធំៗរបស់រុស្ស៉ី ដូចជា Rosselkhozbank អាចចូលទៅកាន់ប្រព័ន្ធទូទាត់សកល SWIFT ឡើងវិញ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹង គ្រឿងបន្លាស់ និងម៉ាស៊ីនកសិកម្ម ព្រមទាំងបើកបំពង់បង្ហូរអាម៉ូញាក់ឡើងវិញជាដើម។ រុស្ស៉ីបានអះអាងថាសំណើទាំងនេះត្រូវបានអនុវត្ត ហើយខ្លួនមើលឃើញថាមិនមាន ភាពរីកចម្រើនក្នុងការដោះស្រាយបញ្ហាជាកង្វល់ដទៃរបស់រុស្ស៉ី ដូចជាធានារ៉ាប់រង ឡូហ្ស៉ីស្ទីគ និងការលុបចោលការបង្កកទ្រព្យសម្បត្តិ។
* តើប្រទេសផ្សេងណាខ្លះរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ?
អ៊ុយក្រែនផលិតស្រូវសាលីស្មើនឹង ១០ភាគរយនៃស្រូវសាលីពិភពលោក និងពោត ១៥ភាគរយ។ មានប្រទេសជាច្រើនដែលពឹងផ្អែកខ្លាំងលើការទិញធញ្ញជាតិ ពីអ៊ុយក្រែន ជាពិសេសគឺបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក និងមជ្ឈិបូព៌ា។ អង្គការសហប្រជាជាតិធ្លាប់បានសង្កត់ធ្ងន់ថាការនាំចេញធញ្ញជាតិក្រោមកិច្ចព្រមព្រៀង អាចជួយជំរុញការផ្គត់ផ្គង់ស្បៀងអាហារសកល និងបញ្ចុះតម្លៃ មិនថាផលិតផលទាំងនេះត្រូវបានដឹកជញ្ជូនទៅកាន់ទីណានោះទេ។
តម្លៃធញ្ញជាតិបានហក់ឡើងខ្ពស់ ក្រោយរុស្ស៉ីដកខ្លួនចេញពីកិច្ចព្រមពៀង ហើយដរាបណា អ៊ុយក្រែនមិនអាចនាំចេញធញ្ញជាតិគ្រប់គ្រាន់តាមផ្លូវផ្សេងទៀតទេ នោះវានឹងបង្កើនការខាតបង់សម្រាប់កសិករអ៊ុយក្រែន ដែលនេះអាចនឹងបង្ខំឱ្យពួកគេកាត់បន្ថយការដុះដាំដំណាំ ធ្វើឱ្យការនាំចេញថយចុះ ខណៈ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីកំពុងកាត់បន្ថយដីដាំដុះសម្រាប់កសិករអ៊ុយក្រែនស្រាប់៕