(រីយ៉ាទ)៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីចាប់ផ្តើមការពិភាក្សាអំពីកង្វល់ដែលកំពុងកើតមាននៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងចំណោមកង្វល់សំខាន់ៗក្នុងតំបន់ ដូចជាបញ្ហាស៊ីរី ជម្លោះនៅស៊ូដង់ ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន និងគំនិតផ្តួចផ្តើមសន្តិភាពយេម៉ែន ត្រូវបានគេរំពឹងថា ត្រូវលើកមកពិភាក្សានៅក្នុងកិច្ចសន្ទនារវាងសម្ព័ន្ធរដ្ឋអារ៉ាប់ និងសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «កិច្ចសន្ទនាយុទ្ធសាស្ត្រ» គឺជា «ឱកាសសម្រាប់ពួកយើងដើម្បីធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា លើបញ្ហាជាច្រើនដែលប៉ះពាល់ដល់ជីវិតរបស់ប្រជាជននៅក្នុងប្រទេសទាំងអស់ ដែលតំណាងដោយសម្ព័ន្ធអារ៉ាប់ក៏ដូចជាសហរដ្ឋអាមេរិក»។
លោក Aboul Gheit បាននិយាយថា កិច្ចសន្ទនាបើកទូលាយ នឹងស្វែងយល់បន្ថែមអំពីកម្រិតនៃកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែរបាយការណ៍ព័ត៌មានមួយចំនួនបានដកស្រង់អ្នកវិភាគនយោបាយដែលនិយាយថា សហរដ្ឋអាមេរិកនឹងតាមដានលើសេចក្តីថ្លែងការណ៍មុនៗរបស់ខ្លួនទៅកាន់សម្ព័ន្ធអារ៉ាប់ ដើម្បីដាក់សម្ពាធលើរបបលោក Assad ឱ្យដោះស្រាយបញ្ហាសំខាន់ៗ ដែលពេលនេះស៊ីរីបានចូលជាសមាជិកក្រុម ២២ប្រទេសឡើងវិញ។
អង្គការសហប្រជាជាតិកំពុងអំពាវនាវឱ្យស៊ីរី ពង្រីកលទ្ធភាពទទួលបានសម្រាប់អង្គការជំនួយអន្តរជាតិ ទៅកាន់តំបន់ភាគពាយព្យដែលកាន់កាប់ដោយក្រុមប្រឆាំង ដែលជាកន្លែងជនភៀសខ្លួនជាង ៤លាននាក់កំពុងប្រឈមនឹងការអត់ឃ្លាន។ កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីរក្សាច្រកព្រំដែន Bab al-Hawa បើកចំហ ដែលអនុញ្ញាតឱ្យភ្នាក់ងារជំនួយចូលពីតួកគី។
គួរបញ្ជាក់ថា ប្រទេសស៊ីរីត្រូវបានផ្អាកពីសម្ព័ន្ធនៅក្នុងឆ្នាំ២០១១ ចំពេលមានការបង្រ្កាបដ៏សាហាវរបស់រដ្ឋាភិបាល លោក Assad ប្រឆាំងនឹងការបះបោរដែលគេហៅថា «និទាឃរដូវអារ៉ាប់»។ យោងតាមអង្គការសហប្រជាជាតិ ជម្លោះប្រដាប់អាវុធបានសម្លាប់ជនស៊ីវិលប្រមាណ ៣០៦.៨៨៧នាក់ និងបានជម្លៀសប្រជាជនស៊ីរីជាង ១២លាននាក់ចេញពីផ្ទះរបស់ពួកគេ រួមទាំង ៥.៤លាននាក់ កំពុងរស់នៅជាជនភៀសខ្លួននៅក្នុងប្រទេសជិតខាងគិតត្រឹមឆ្នាំ ២០២២៕