(ញូដេលី)៖ ក្រុមមន្រ្តីឥណ្ឌា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ បុគ្គលិកជួយសង្គ្រោះកំពុងទប់ទល់នឹងស្ថានភាពដ៏លំបាក និងលក្ខខណ្ឌអាកាសធាតុអាក្រក់ ខណៈពួកគេត្រូវស្វែងរកមនុស្សជាង ១០០នាក់ ដែលស្ថិតក្រោមការភ័យខ្លាចថាជាប់នៅបំណាក់ដី ដែលបានសម្លាប់អ្នកភូមិចំនួន ១០នាក់ បន្ទាប់ពីភ្លៀងធ្លាក់មិនឈប់ឈរនៅលើជម្រាលភ្នំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។

ក្រុមមន្រ្តីនិយាយថា បំណាក់ដីបានកើតឡើងលើភូមិដាច់ស្រយាលមួយនៃភ្នំអៀសាលវ៉ាឌី (Irshalwadi) របស់រដ្ឋម៉ាសារ៉ាស់ត្រា (Maharashtra) ភាគខាងលិចចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីទីក្រុងម៉ុមបៃ (Mumbai)។ សាកសពមនុស្សចំនួន ១០នាក់ត្រូវបានរកឃើញ ខណៈ ៨០នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ។

អនុប្រមុខរដ្ឋាភិបាលនៃរដ្ឋ Maharashtra លោក សេវេនដ្រា ហ្វេដណាវីស (Devendra Fadnavis) បានប្រាប់ថា មានមនុស្សចំនួន ២២៥នាក់រស់នៅក្នុងភូមិនេះ។ ក្នុងចំណោមពួកគេគឺមានជាង ១០០នាក់ស្ថិតក្រោមការបារម្ភថាជាប់ក្រោមបំណាក់ដី។ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរថ្មើរជើងជាមួយឧបករណ៍របស់ពួកគេ រយៈពេលជិតពីរម៉ោងដើម្បីទៅដល់ទីតាំងរងគ្រោះ។

គួរបញ្ជាក់ថា បើតាមនាយកដ្ឋានឧតុនិយមឥណ្ឌា ទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងគ្រោះថ្នាក់ដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សជាង ១០០នាក់ តាំងពីការចាប់ផ្តើមរដូវខ្យល់មូសុងកាលពីថ្ងៃទី១ ខែមិថុនាមក ដែលភាគច្រើននៅឯភាគខាងជើង។ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ អាចមានភ្លៀងធ្លាក់បន្ថែមទៀតប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយការប្រកាសអាសន្នពណ៌ក្រហម ត្រូវបានដកចេញសម្រាប់តំបន់ឆ្នេរសមុទ្រនៃរដ្ឋ Maharashtra និងនៅភាគខាងជើងរដ្ឋហ្គូចារ៉ាត់ (Gujarat) ដែលរងការវាយលុកដោយភ្លៀងក្នុងសប្តាហ៍នេះផងដែរ៕