(បាដាដ)៖ ប្រធានាធិបតីអ៉ីរ៉ាក់ លោក អាប់ឌុល ឡាទីហ្វ រ៉ាស៉ីដ (Abdul Latif Rashid) បាននិយាយថា លោកនឹងកោះហៅឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងបាកដាដ (Baghdad) មកប្រាប់អំពីការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ទាក់ទងនឹងការប្រព្រឹត្តរបស់រដ្ឋាភិបាលអ៉ីរ៉ាក់ចំពោះមេដឹកនាំសាសនាគ្រិស្ត នៅក្នុងប្រទេសអ៉ីរ៉ាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
ថ្មីៗនេះ លោក ម៉ាតស៊ូ មីលលឺ (Matthew Miller) ដែលជាអ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសអាមេរិក បានរិះគន់ការសម្រេចចិត្តរបស់លោកប្រធានាធិបតី រ៉ាស៉ីដ ក្នុងការដកហូតក្រឹត្យមួយដែលទទួលស្គាល់មន្រ្តីសង្ឃ ល្វីសាកូ (Louis Sako) ជាប្រធានព្រះវិហារសាសនាគ្រិស្ត Chaldean ក្នុងប្រទេសអ៉ីរ៉ាក់ ហើយអនុញ្ញាតឲ្យមន្រ្តីសង្ឃរូបនោះ មានសិទ្ធិចាត់ចែងមើលការខុសត្រូវលើទ្រព្យសម្បត្តិរបស់ព្រះវិហារ។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៉ីរ៉ាក់ បានបញ្ជាក់ថា លោក រ៉ាស៉ីដ មានការខកចិត្តក្រោយមានការចោទប្រកាន់ មកលើរដ្ឋាភិបាលអ៉ីរ៉ាក់ ដូច្នេះហើយនឹងមានការកោះហៅឯកអគ្គរដ្ឋទូតអាមេរិកមកសួរនាំ។
ការសម្រេចចិត្តដែលអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងនោះ គឺមានគោលបំណងកែតម្រូវភាពមិនប្រក្រតីនៃរដ្ឋធម្មនុញ្ញ ហើយគ្មានគោល បំណង ធ្វើ ឲ្យ ខូច ឈ្មោះ ឬក៏មិនគោរពដល់លោក សាកូ ដូចការរិះគន់នោះ ទេ។
គួរបញ្ជាក់ថា គ្រិស្តសាសនិកនៅក្នុងប្រទេសអ៉ីរ៉ាក់ ធ្លាប់មានចំនួនប្រហែល ១.៥លាននាក់ ប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹមរាប់រយពាន់នាក់ក្នុងរយៈពេលពីរទសវត្សរ៍ ចាប់តាំងពីមានបេសកម្មរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៣ និងឆ្នាំនៃជម្លោះបង្ហូរឈាមនិកាយសាសនាដែលកើតឡើងជាបន្តបន្ទាប់៕