(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជួបជាមួយ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក គឺលោក ហេនរី ឃីស្ស៉ីនហ្គ័រ (Henry Kissinger) នៅឯទីក្រុងប៉េកាំង ហើយបានហៅអ្នកនយោបាយជើងចាស់វ័យ១០០ឆ្នាំរូបនេះ ថាជាអ្នកការទូតដ៏អស្ចារ្យម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
«១នៅថ្ងៃទី២០ ខែកក្កដានេះ ប្រធានាធិបតី ស៉ី ជិនពីង បានជួបអតីតប្រមុខការទូតរបស់សហរដ្ឋអាមេរិក លោក Henry Kissinger នៅឯវិមានទទួលភ្ញៀវទែវយូថៃ (Diaoyutai)» ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍យ៉ាងដូច្នេះ ហើយបានលើកសរសើរអំពីតួនាទីលោក ក្នុងការជួយបើកចំហទំនាក់ទំនងរវាងចិននិងអាមេរិក កាលពីអំលុងទសវត្សរ៍ឆ្នាំ១៩៧០។
CCTV បានបន្ថែមថា «គិតចាប់តាំងពីឆ្នាំ១៩៧១ មកទល់នឹងពេលនេះ លោក Kissinger បានមកបំពេញទស្សនកិច្ចនៅចិនសរុប ជាង១០០លើកហើយ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំនេះ អ្នកការទូតដ៏អស្ចារ្យរូបនេះ បានអបអរខួបកំណើតទី១០០ ហើយដំណើរទស្សនកិច្ចពេលនេះ ក៏ជាទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ចិនផងដែរ គិតចាប់តាំងពីលោកឈានចូលវ័យ១០០ឆ្នាំ»។
ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Kissinger បានធ្វើដំណើរជាសម្ងាត់មកកាន់ទីក្រុងប៉េកាំង នៅខែកក្កដា ឆ្នាំ១៩៧១ ក្រោមបេសកកម្មបង្កើតទំនាក់ទំនងជាមួយចិន ដែលស្ថិតក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត។ វាបានជួយត្រួសត្រាយផ្លូវ សម្រាប់ដំណើរទស្សនកិច្ចសំខាន់មួយ ដោយអតីតប្រធានាធិបតីអាមេរិក លោក រីឆាដ ណិចសុន (Richard Nixon) ដែលមានគោលដៅព្យាយាមផ្លាស់ប្តូរស្ថានការណ៍នៃសង្រ្គាមត្រជាក់ និងចង់បានការជួយបិទបញ្ចប់សង្រ្គាមវៀតណាម។ ការចាប់ផ្តើមផ្សាភ្ជាប់ទំនាក់ទំនងពេលនេះ ក៏បានចូលរួមចំណែកផងដែរ ដល់ការងើបឡើងរបស់ប្រទេសចិន ក្នុងការក្លាយជាក្បាលម៉ាស៉ីន នៃវិស័យកម្មន្តសាលកម្មជាសកល និងជាមហាអំណាចសេដ្ឋកិច្ចលេខពីររបស់ពិភពលោក។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក Kissinger គឺកើតឡើងគាប់ជួនជាមួយដំណើរទស្សនកិច្ចរបស់ ប្រសិតកិច្ចការអាកាសធាតុអាមេរិក លោក ចន ខឺរី (John Kerry) ហើយបន្ទាប់ពីទស្សនកិច្ចនាពេលថ្មីៗកន្លងទៅនេះ ដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណិត យេលែន (Janet Yellen) និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) ស្របពេលដែលទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង នៃការប្រកួតប្រជែងឥទ្ធិពលគ្នារវាង ប្រទេសកំពូលមហាអំណាចទាំងពីរ៕