(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការគំរាមកំហែងនៃករណីចិនអាចបើកការវាយប្រហារលើតៃវ៉ាន់ គឺជាអ្វីដែលប្រទេសហ្វីលីពីនកំពុងតាមឃ្លាំមើលយ៉ាងដិតដល់ ខណៈវាជាផ្នែកនៃការត្រៀមផែនការឆ្លើយតបគ្រាអាសន្នរបស់ទីក្រុងម៉ានីល សម្រាប់ជម្លោះដែលអាចផ្ទុះឡើងក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក ហ្គីលបឺត ថេអូដូរ៉ូ (Gilbert Teodoro) បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងពិតជាចាំបាច់ត្រូវធ្វើការវាយតម្លៃស្ទាបស្ទង់ ថាតើករណីបែបនោះ (ចិនវាយប្រហារលើតៃវ៉ាន់) ទំនងជាអាចកើតមានទៅរួចដែរឬអត់។ ទោះជាយ៉ាងនេះក្តី យើងបន្តត្រៀមរៀបចំផែនការសម្រាប់ករណីអាសន្នទាំងអស់ មិនមែនត្រឹមតែសម្រាប់ករណីជម្លោះ ដែលអាចផ្ទុះឡើងរវាងចិននិងតៃវ៉ាន់ទេ ពោលគឺសម្រាប់គ្រាអាសន្នទាំងឡាយ នៅក្នុងតំបន់»។
ក្នុងចំណោមសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញាទាំង៥ របស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលរួមមានអូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន និងថៃ ហ្វីលីពីនមានទីតាំងភូមិសាស្រ្តនៅកៀកនឹងកោះតៃវ៉ាន់ជាងគេ ពោលចំណុចជិតគ្នាបំផុតគឺត្រឹម១៩០គីឡូម៉ែត្រប៉ុណ្ណោះ។ ទីក្រុងម៉ានីលធ្លាប់បាននិយាយថា អាទិភាពចម្បងរបស់ខ្លួន គឺសុវត្ថិភាពរបស់ជនជាតិហ្វីលីពីនជាង ១០០,០០០នាក់ ដែលកំពុងរស់នៅនិងធ្វើការលើកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ជាយូរមកហើយ ហ្វីលីពីនគឺជាដៃគូផ្នែកការពារជាតិដ៏សំខាន់របស់អាមេរិក ប៉ុន្តែក្នុងឆ្នាំនេះ ទើបតែបានពង្រីកសិទ្ធិចូលប្រើមូលដ្ឋានយោធារបស់ខ្លួន ដល់សហរដ្ឋអាមេរិកបន្ថែមទៀត ជាទង្វើដែលធ្វើឱ្យចិនខឹងសម្បារ ហើយចាត់ទុកវា ថាជាសកម្មភាពដុះបញ្ឆេះកម្តៅ នៃភាពតានតឹងនៅក្នុងតំបន់។ ក្នុងឆ្នាំ២០២៣នេះ ហ្វីលីពីនបានផ្តល់សិទ្ធិឱ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនចំនួន៤កន្លែងថ្មី បន្ថែមលើមូលដ្ឋានមានស្រាប់ចំនួន៥ ហើយមូលដ្ឋានថ្មីទាំងនោះ ខ្លះមានទីតាំងនៅបែរទៅរកកោះតៃវ៉ាន់។ យ៉ាងណាមិញ ហ្វីលីពីនបានអះអាងជាច្រើនលើកច្រើនសាថា ខ្លួនមិនមែនកំពុងព្យាយាមឈរនៅខាងណាមួយ ក្នុងការប្រជែងឥទ្ធិពលរបស់អាមេរិកនិងចិនឡើយ៕