(ប៉េកាំង)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា វាគឺជាអាទិភាពមួយរបស់ចិន ក្នុងការរារាំងកុំឱ្យមេដឹកនាំរងកោះតៃវ៉ាន់ គឺលោក វីលៀម ឡៃ (William Lai) ទៅបំពេញទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក នាខែសីហាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
លោក William នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ារ៉ាហ្កាយ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃប្រទេសអាមេរិកឡាទីនមួយនេះ នៅថ្ងៃទី១៥ ខែសីហា ហើយក្នុងឱកាសនោះ លោកនឹងឆ្លៀតចូលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅតាមផ្លូវទៅឬក៏មកពីប៉ារ៉ាហ្កាយវិញ។ ផែនការនេះបានធ្វើឱ្យមានការមិនពេញចិត្ត ពីសំណាក់ទីក្រុងប៉េកាំង ដែលបានរិះគន់លោក ឡៃ ថាជាជនចង់បំបែករដ្ឋ ដ្បិតកោះតៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជា ផ្នែកនៃដែនដីរបស់ខ្លួនប៉ុណ្ណោះ។ ក្រៅពីមានតួនាទីជា មេដឹកនាំរងតៃវ៉ាន់ លោក ឡៃ ក៏ជាបេក្ខជនរបស់គណបក្សកំពុងកាន់អំណាច DPP សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកភានិងមេដឹកនាំតៃវ៉ាន់ នៅខែមករា ឆ្នាំក្រោយផងដែរ ហើយលោកទទួលបានសំឡេងគាំទ្រនាំមុខគ្នា ក្នុងការស្ទង់មតិភាគច្រើន។
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក សៀ ហ្វឹង (Xie Feng) បានលើកឡើងថា តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន ហើយប្រទេសចិនចង់ឱ្យមានការបង្រួបបង្រួមគ្នាវិញ ដោយសន្តិវិធី ប៉ុន្តែពួកចង់ផ្តាច់ខ្លួននៅតៃវ៉ាន់ កំពុងប៉ុនប៉ងសម្រេចគោលដៅរបស់ពួកគេ ដោយព្យាយាមទៅស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក។ លោក សៀ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អាទិភាពសម្រាប់យើងនាពេលឥឡូវនេះ គឺការរារាំងលោក Lai កុំឱ្យបំពេញទស្សនកិច្ចនៅអាមេរិក»។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២២ និងខែមេសា ឆ្នាំនេះ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជុំវិញកោះតៃវ៉ាន់ ក្រោយខឹងសម្បារព្រោះតែ ការបំពេញទស្សនកិច្ចកាលពីខែសីហា នៅកោះតៃវ៉ាន់ ដោយអតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាស៉ី ផេឡូស៉ី (Nancy Pelosi) ខណៈកាលពីខែមេសា មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិកបច្ចុប្បន្ន គឺលោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) នៅទីក្រុងឡូសអាន់ជេលែស ពេលលោកស្រី ត្រឡប់មកពីបំពេញទស្សនកិច្ច នៅតំបន់អាមេរិកកណ្តាលវិញ៕