(បាងកក)៖ អនុប្រធានរដ្ឋសភាថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សម័យប្រជុំរួមមួយទៀតរវាងរដ្ឋសភានិងព្រឹទ្ធសភាថៃ នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ដើម្បីព្យាយាមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីសាជាថ្មី ប៉ុន្តែលោក Pita Limjareonrat អស់សិទ្ធិចូលរួមតទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រឹងប្រែងប៉ុនប៉ងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់លោក Pita ជាមេដឹកនាំគណបក្ស Move Forward ដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកល កាលពីខែឧសភា គឺត្រូវរលាយសាបសូន្យទៅវិញ នៅពេលសភាថៃបានសម្រេចបដិសេធចំពោះ ការតែងតាំងលោកសាជាថ្មី ជាបេក្ខជននាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីលោក Pita បានទទួលបរាជ័យម្តងរួចមកហើយ ក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្រ្តី កាលពីសប្តាហ៍មុន។ អនុប្រធានរដ្ឋសភាថៃ លោក ភីចិត ជួមួងផាន់ (Pichet Chuamuangphan) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ បុគ្គលម្នាក់អាចត្រូវតែងតាំងជាបេក្ខជននាយករដ្ឋមន្រ្តី បានតែម្តងប៉ុណ្ណោះក្នុងសម័យប្រជុំសភាមួយ។
កាលពីក្នុងថ្ងៃពុធដដែល តុលាការធម្មនុញ្ញថៃ ក៏បានព្យួរសមាជិកភាពសភារបស់លោក Pita ផងដែរ ពាក់ព័ន្ធសំណុំរឿងដែលចោទថា លោកបានបំពានច្បាប់បោះឆ្នោត តាមរយៈការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ដែលឈប់ដំណើរការយូរមកហើយ។ ទង្វើរបស់សភានិងតុលាការធម្មនុញ្ញាថៃប្រឆាំងនឹងលោក Pita បានបង្កឱ្យមានការសម្បារក្នុងចំណោមអ្នកគាំទ្ររបស់លោក ជាហេតុនាំឱ្យមានការចេញធ្វើបាតុកម្មតាមដងផ្លូវ។ ក្រុមអភិរក្សនិងរាជានិយម បាននាំគ្នាបោះឆ្នោតប្រឆាំងមិនឱ្យលោក Pita អាចក្លាយជានាយករដ្ឋមន្រ្តី គឺជាចម្បងដោយសារតែគោលនយោបាយកំណែទម្រង់របស់គណបក្ស Move Forward ដែលចង់បន្ថយអំណាចយោធា និងធ្វើវិសោធនកម្មមាត្រាពាក់ព័ន្ធ ច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រថៃ។
ដោយឡែក នៅសប្តាហ៍ក្រោយ មានការរំពឹងយ៉ាងទូលំទូលាយថា មហាសេដ្ឋីចលនទ្រព្យថៃ ដែលទើបតែប្រឡូកចូលនយោបាយ គឺលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) មកពីគណបក្សភឿថៃ ដែលស្ថិតក្នុងក្រុមចម្រុះរបស់លោកគណបក្ស លោក Pita នឹងត្រូវតែងតាំងជាបេក្ខជន ដើម្បីឱ្យសភាបោះឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្រ្តី។ ភឿថៃ ឈ្នះបានអាសនៈច្រើនជាងគេលំដាប់ទី២ បន្ទាប់ពី Move Forward កាលពីអំលុងការបោះឆ្នោតសកល៕