(ចូហាន់ណេស្បឺគ)៖ អាហ្រ្វិកខាងត្បូង បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល BRICS ដោយផ្ទាល់នៅ ខែសីហានោះទេ ដែលប្រកាសនេះជាការបិទបញ្ចប់មន្ទិលសង្ស័យជុំវិញដីកាចាប់ខ្លួនរូបលោក ពូទីន ចេញដោយតុលាការ ICC។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានការពិគ្រោះយោបល់រវាងប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) និងមេដឹកនាំមកពីក្រុម BRICS ផ្សេងទៀត។ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នឹងមកចូលរួមកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ជាមួយមេដឹកនាំប្រេស៉ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ជំនួសលោក ពូទីន។ បើតាមវិមានក្រឹមឡាំង លោក ពូទីន នឹងថ្លែងទៅកាន់កិច្ចប្រជុំ BRICS តាមរយៈវីដេអូអនឡាញ។
គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូង ត្រូវប្រឈមមុខនឹងបញ្ហាសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ពីព្រោះក្នុងនាមជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អាហ្វ្រិកខាងត្បូង មានកាតព្វកិច្ចចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយរុស្ស៉ីនៅអ៊ុយក្រែន ទៅតាមដីកាបង្គាប់កាលពីខែមីនា៕