(វ៉ាស៉ីនតោន)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន នឹងត្រូវជួបសមភាគីជប៉ុន និងកូរ៉េខាងត្បូងរបស់លោក ក្នុងខែសីហាខាងមុខនេះ នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
លោក បៃដិន បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នៅពេល ដែលមេដឹកនាំទាំង៣ បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន កាលពីខែឧសភា។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង និងជប៉ុន កិច្ចប្រជុំកំពូលនឹងធ្វើ ឡើង នៅឯមូលដ្ឋានយោធាខេម ដេវីដ (Camp David) ក្នុងរដ្ឋម៉ារីលែន (Maryland) នៅថ្ងៃទី១៨ ខែសីហា។ យ៉ាងនេះក្តី ការិយាល័យរបស់លោក យូន បានឲ្យដឹងថា កាលបរិច្ឆេទ ក៏ដូចជាទីតាំងជាក់លាក់នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការសម្របសម្រួលដោយប្រទេសទាំង៣។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង បាន និងកំពុងជំរុញកំណែទម្រង់ទំនាក់ទំនងដ៏តានតឹងជាមួយទីក្រុងតូក្យូ បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំជុំវិញបញ្ហាប្រវត្តិសាស្ត្រ។ រដ្ឋបាលរបស់លោក បៃដិន បានសាទរចំពោះលោក យូន និងលោក គីស៉ីដា ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ហើយចាត់ទុកថាភាពជាដៃគូត្រីភាគីកាន់តែរឹងមាំអាចសម្រេចទៅបាន គឺដោយសារតែការខិតខំប្រឹងប្រែងរបស់ពួកគេ៕