(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនមិនទាន់ទទួលបានព័ត៌មានអ្វីនោះទេ ស្ដីពីទាហានអាមេរិក ម្នាក់ដែលបានរត់ឆ្លងដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃអង្គារកន្លងទៅ ខណៈក្រសួងការបរទេសអាមេរិកកំពុងព្យាយាមស្វែងរកព័ត៌មាន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
បើតាមក្រុមមន្ត្រីអាមេរិក ទាហានដែលបានរត់ចូលទឹកដីកូរ៉េខាងជើង មានឈ្មោះថា Travis King។ ទាហានរូបនេះបានរត់ឆ្លងដែននៅឯតំបន់ព្រំដែនគ្មានយោធានៃភូមិ Panmunjon ដែលខណ្ឌចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយរូបគេត្រូវបានគេជឿជាក់ថាត្រូវបានចាប់ឃុំឃាំងដោយអាជ្ញាធរកូរ៉េខាងជើង។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឱ្យដឹងថាសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ កំពុងបន្តធ្វើការរួមគ្នា ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធ នឹងស្ថានភាព និងទីកន្លែងដែលទាហានឈ្មោះ Travis King កំពុងស្ថិតនៅ ក្នុងទឹកដីកូរ៉េខាងជើង។
លោក Miller បន្ថែមថាខាងមន្ទីរបញ្ចកោណបានទំនាក់ទំនងទៅកាន់យោធាកូរ៉េខាងជើងបានហើយ តែមិនមានការឆ្លើយតបអ្វីឡើយ។ ក្រសួងការបរទេសអាមេរិក កំពុងធ្វើការ យ៉ាងជិតស្និទ្ធផងដែរជាមួយសមភាគីក្នុងប្រទេសកូរ៉េខាងត្បូង និងស្ថានទូតស៊ុយអែតក្នុងទីក្រុងព្យុងយ៉ាង ដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងជោគវាសនារបស់ទាហាន Travis King។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ទាហានឈ្មោះ Travis King បានរត់គេចចេញពីព្រលានយន្ដហោះមួយក្នុងប្រទេសកូរ៉េខាងត្បូង ខណៈរូបគេត្រូវបាននំាខ្លួន ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីទទួលការដាក់ពិន័យបន្ថែម។ ប៉ូលិសកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា Travis King ធ្លាប់បានចំណាយពេលជាប់ឃុំក្នុងមន្ទីរឃុំឃាំង រយៈពេល ២ខែ ពីបទប្រើប្រាស់ហិង្សា និងទើបតែត្រូវបានដោះលែងកាលពីថ្ងៃទី១០ ខែកក្កដានេះ។ ប៉ុន្តែ មកទល់នឹងពេលនេះ មិនមានការបញ្ជាក់ឱ្យច្បាស់ថាតើហេតុអ្វីបាន ជាទាហានរូបនេះរត់ចូលដីកូរ៉េខាងជើងនោះទេ ឬក៏ថាតើរូបគេអាចរត់ចេញពីព្រលានយន្ដហោះ ទៅចូលរួមក្នុងដំណើរកម្សាន្តទេសចរណ៍ទៅកាន់ភូមិ Panmunjon ដោយរបៀប ណានោះដែរ។ Travis King ត្រូវបានមន្ត្រីយោធាអាមេរិកបញ្ជាក់ថាបានរត់ចូលទឹកដីកូរ៉េខាងជើង ដោយចេតនា និងគ្មានការអនុញ្ញាត៕