(បាកដាដ)៖ ក្រុមបាតុករដែលមានការខឹងសម្បារទៅនឹងគម្រោងដុតបំផ្លាញសេចក្ដីចម្លងនៃ «គម្ពីគួរអាន» របស់សាសនាអ៉ីស្លាម នៅក្នុងប្រទេសស៊ុយអែត បានសម្រុកចូល អុកឡុកស្ថានទូតស៊ុយអែត ប្រចាំរដ្ឋធានីបាកដាដ ប្រទេសអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
វីដេអូដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញពីសកម្មភាពក្រុមបាតុករអ៉ីរ៉ាក់ បានសម្រុកចូល និងដុតភ្លើងនៅក្នុងបរិវេណស្ថានទូតស៊ុយអែត នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ ក្រុមបាតុករបាននាំគ្នាគ្រវីទង់ជាតិ និងស្រែកច្រៀងបង្ហាញការគាំទ្រដល់មេដឹកនាំសាសនានិកាយស៊ីអ៉ីតដ៏មានឥទ្ធិពល ក្នុងប្រទេសអ៉ីរ៉ាក់ គឺលោក មុកតាដា អាល់ សាដាដ (Muqtada al-Sadr)។ ក្រសួងការបរទេសអ៉ីរ៉ាក់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពចូលអុកឡុកស្ថានទូតស៊ុយអែត ហើយបានណែនាំឱ្យអាជ្ញាធរ បើកការស៊ើបអង្កេតមួយជាបន្ទាន់ និងចាត់វិធានការចាំបាច់នានាដើម្បីការពារសន្តិសុខស្ថានទូត។ ចំណែក ខាងក្រសួងការបរទេសស៊ុយអែត ក៏បានបញ្ជាក់ដែរថាបុគ្គលិក ទាំងអស់ នៅក្នុងស្ថានទូតរបស់ខ្លួនប្រចាំរដ្ឋធានីបាកដាដ គឺមានសុវត្ថិភាព។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅថ្ងៃព្រហស្បតិ៍នេះ ប្រឆាំងនឹងស្ថានទូតស៊ុយអែត ត្រូវបានធ្វើឡើងដោយក្រុមអ្នកគាំទ្រលោក សាដាដ ដើម្បីបង្ហាញការតវ៉ា និងខឹងសម្បាររបស់ ពួកគេ ចំពោះគម្រោងដុតសេចក្ដីចម្លងគម្ពីគួរអានមួយក្បាល ក្នុងប្រទេសស៊ុយអែត។ ទូរទស្សន៍ស៊ុយអែត TT បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះថាប៉ូលិសស៊ុយអែត បានផ្ដល់ការអនុញ្ញាតលើពាក្យស្នើសុំមួយ សម្រាប់ការជួបជុំជាសាធារណៈនៅខាងក្រៅស្ថានទូតអ៉ីរ៉ាក់ក្នុងទីក្រុងស្ដុកខុល នៃប្រទេសស៊ុយអែត នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដានេះ ជាមួយនឹងគម្រោងដុតគម្ពីគួរអាន និងទង់ជាតិអ៉ីរ៉ាក់ផងដែរ៕