(មូស្គូ)៖ ថៅកែទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបង្ហាញខ្លួននៅក្នុងវីដេអូមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយ ការបង្ហាញការស្វាគមន៍ដល់ទាហានរបស់លោកនៅលើទឹកដីបេឡារុស ដោយប្រាប់ថាពួកគេនឹងមិនចូលរួមក្នុងសង្រ្គាមអ៊ុយក្រែនទៀតនោះឡើយ ក្នុងពេលបច្ចុប្បន្ន តែត្រូវ ត្រៀមលក្ខណៈប្រមូលកម្លាំងទៅតំបន់អាហ្រ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។
វីដេអូខាងលើត្រូវបានចេញផ្សាយនៅលើ Telegram ដោយសេវាព័ត៌មានរបស់ទាហានស៊ីស៊ីឈ្នួលរុស្ស៉ី Wagner និងជាវីដេអូភស្ដុតាងដំបូងបំផុតដែលបញ្ជាក់ពីទីតាំងដែល លោក ព្រីហ្គោហ្ស៉ីន ស្ថិតនៅ ចាប់តាំងពីការបះបោរប្រឆាំងរដ្ឋអំណាចរុស្ស៉ីបរាជ័យកាលពីថ្ងៃទី២៣ និង២៤ ខែមិថុនាកន្លងទៅ។ នៅក្នុងវីដេអូនេះដែលមិនទាន់មានការផ្ទៀង ផ្ទាត់ភ្លាមៗនៅឡើយ បុរសម្នាក់និយាយភាសារុស្ស៉ីមានសំឡេងដូចគ្នានឹងលោក ព្រីហ្គោហ្ស៉ីន បានប្រាប់ទាហានរបស់ខ្លួនដូច្នេះថា «ស្វាគមន៍កងទ័ពទាំងអស់...ស្វាគមន៍មក កាន់ទឹកដីបេឡារុស។ យើងបានប្រយុទ្ធពោរពេញដោយកិត្តិយស ហើយអ្នកទាំងអស់គ្នាបានបំពេញភារកិច្ចដ៏អស្ចារ្យមួយសម្រាប់រុស្ស៉ី។ អ្វីដែលកំពុងកើតឡើងនៅចំពោះមុខ គឺជាភាពអាម៉ាស់មួយ ដែលយើងមិនចាំបាច់ត្រូវពាក់ព័ន្ធនោះទេ»។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងជាមួយវិមានក្រឹមឡាំង ដើម្បីបញ្ចប់ការបះបោរ លោក ព្រីហ្គោហ្ស៉ីន និងទាហានរបស់លោកត្រូវបានគេរំពឹងថានឹងត្រូវធ្វើដំណើរទៅកាន់ ប្រទេសបេឡារុស។ ប៉ុន្តែ កាលពីដើមខែកក្កដានេះ ប្រធានាធិបតីបេឡារុស លោក លូកាសិនកូ បាននិយាយថាលោក ព្រីហ្គោហ្ស៉ីនបានធ្វើដំណើរទស្សនកិច្ចរយៈពេលខ្លីក្នុង ប្រទេសរបស់លោក និងបានត្រឡប់ទៅរុស្ស៉ីវិញ។
រហូតដល់កាលពីសប្ដាហ៍មុន ពោលគឺក្រោយមានការទទួលស្គាល់ថាលោក ពូទីន និងលោក ព្រីហ្គោហ្ស៉ីន បានជួបគ្នា ប៉ុន្មានថ្ងៃក្រោយការបះបោរមិនបានសម្រេច ទើប បេឡារុស ប្រកាសថាទាហានស៊ីឈ្នួល Wagner នឹងជួយបណ្ដុះបណ្ដាលទាហានរបស់ខ្លួន នៅឯមូលដ្ឋានទ័ពមួយស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានីមីនស្កិ៍៕