(សេអ៊ូល)៖ ជាលើកដំបូងហើយ ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ដែលទាហានអាមេរិកម្នាក់ ត្រូវបានគេជឿជាក់ថាកំពុងជាប់ឃុំឃាំងនៅកូរ៉េខាងជើង។ សេណារីយ៉ូ បែបនេះនឹងបង្កជាបញ្ហាឈឺក្បាលខាងការទូត សម្រាប់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន រួមជាមួយសម្ព័ន្ធមិត្តដ៏សំខាន់ដូចជាកូរ៉េខាងត្បូង កំពុងព្យាយាម រឹតបន្តឹងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ដែលកំពុងបង្កើនការធ្វើតេស្ដមីស៊ីលបាលិស្ទីគ និងវោហាសាស្ត្រសង្រ្គាម។

ក្រុមមន្ត្រីយោធាអាមេរិក បានបញ្ជាក់អត្តសញ្ញាណទាហានដែលបានរត់ឆ្លងដែនចូលទៅកាន់ទឹកដីកូរ៉េខាងជើង កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា មានឈ្មោះថា Travis King។ ក្រុមមន្ត្រីយោធាអាមេរិក ក៏បានអះអាងដែរថាទាហានអាមេរិករូបនេះមានចេតនា និងបានឆ្លងដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើងដោយគ្មានការអនុញ្ញាត អំឡុង ចូលរួម ក្នុងដំណើរកម្សាន្តមួយទៅកាន់ភូមិ ប៉ាន់ម៉ុនជុម (Panmunjom) ជាតំបន់ព្រំដែនគ្មានយោធាប្រវែង ២៥០គីឡូម៉ែត្រ ខណ្ឌចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។

ប៉ុន្តែ មិនទាន់មានការបញ្ជាក់ថាតើទាហានរូបនេះ អាចចូលរួមក្នុងដំណើរកម្សាន្តនេះដោយរបៀបណានោះទេ ហើយក៏មិនមានការបញ្ជាក់ថាតើរូបគេមានផែនការ រត់ចូលដីកូរ៉េខាងជើង ឬចូលទៅដើម្បីអ្វីនោះដែរ? ដូច្នេះខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគួរដឹងពីដំណើររឿងមួយនេះ៖

* តើ Travis King ជានរណា?
ទាហានឈ្មោះ Travis King បានចូលបម្រើក្នុងជួរកងទ័ពអាមេរិក នៅខែមករា ឆ្នាំ២០២១ និងជាកងទ័ពផ្លាស់វេនម្នាក់ឈរជើងនៅកូរ៉េខាងត្បូង ដែលត្រូវបានបញ្ជូន មកពីមូលដ្ឋានទ័ព Fort Bliss នៃរដ្ឋ Texas សហរដ្ឋអាមេរិក។ ក្រុមមន្ត្រីអាមេរិក មិនបានបង្ហើបឱ្យដឹងថាតើ Travis King បានស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង យូរប៉ុនណាហើយនោះទេ តែបានឱ្យដឹងថារូបគេបានប្រឈមមុខនឹងការដាក់ពិន័យ ក្រោយជាប់ឃុំរយៈពេល៥០ថ្ងៃ នៅកូរ៉េខាងត្បូងពីបទប្រើហិង្សាដោយចេតនា។

មិនទាន់មានការបញ្ជាក់នោះទេថាតើទាហានអាមេរិករូបនេះបានចំណាយពេលជាប់ឃុំ នៅក្នុងមន្ទីរឃុំឃាំងកូរ៉េខាងត្បូង ឬក៏ស្ថិតនៅក្រោមការឃុំឃាំងរបស់យោធាអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង។ បើតាមក្រុមមន្ត្រីអាមេរិក ដំបូងឡើយ Travis King ត្រូវបានគេនាំទៅកាន់ព្រលានយន្ដហោះដើម្បីបញ្ជូនទៅកាន់មូលដ្ឋានទ័ព Fort Bliss នៃរដ្ឋ Texas ប៉ុន្តែទាហានរូបនេះស្រាប់តែអាចចាកចេញពីព្រលានយន្ដហោះ ហើយចូលរួមក្នុងដំណើរកម្សាន្តមួយជាមួយភ្ញៀវទេសមួយក្រុមទៅកាន់ប៉ាន់ម៉ុនជុម (Panmunjom)។ Travis King គឺជាទាហានអាមេរិកដំបូងបំផុត ដែលបានឆ្លងដែនចូលទឹកដីកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ១៩៨២មក។

* ហេតុអ្វីវាជាបញ្ហាឈឺក្បាលសម្រាប់សហរដ្ឋអាមេរិក?
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានស្គាល់ភាពតានតឹងនឹងគ្នារយៈពេលរាប់ទសវត្សរ៍មកហើយ តែបច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែយ៉ាប់ ទៅទៀត។ ភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងឡើងកម្ដៅ ក្នុងពេលដំណាលគ្នាដែលរបបដឹកនាំលោក គីម ជុងអ៊ុន បានបង្កើន ការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគ និងពន្លឿនការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ចាប់តាំងពីកិច្ចចរចារវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបរាជ័យ ចាប់តាំងពីឆ្នាំ២០១៩មក។

មកទល់នឹងសព្វថ្ងៃ កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីបចំនួន ៣លើក ក្នុងឆ្នាំ២០២៣នេះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថាជាអ្នកដុតបញ្ឆេះភាពតានតឹងនៅលើតំបន់ឧទ្វីបកូរ៉េ តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នា និងការដាក់ពង្រាយអាវុធ ក្នុងនោះរួមមានទាំងនាវាមុជទឹកប្រដាប់ដោយ មីស៊ីលបាលិស្ទីគនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅដល់ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ។ កាលពីឆ្នាំ២០២២ កូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូសជាង ៩០គ្រាប់ ក្នុងនោះមានមីស៊ីលមួយគ្រាប់ហោះរំលង ប្រទេសជប៉ុន។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយកូរ៉េខាងជើងនោះទេ តែពឹងផ្អែកលើស្ថានទូតស៊ុយអែតក្នុងទីក្រុងព្យុងយ៉ាង បៀបដូចជាការិយាល័យទំនាក់ទំនងមួយ សម្រាប់សហរដ្ឋអាមេរិក។

ទាហានឈ្មោះ Travis King កំពុងស្ថិតនៅក្នុងដៃអាជ្ញាធរកូរ៉េខាងជើង ដែលចាត់ទុកសហរដ្ឋអាមេរិកជាសត្រូវស៊ូពូជ។ ថាតើព័ត៌មានសម្ងាត់យោធាក្នុងកម្រិតណាមួយដែល Travis King អាចផ្ដល់ឱ្យកូរ៉េខាងជើងគឺមិនទាន់ច្បាស់នៅឡើយទេ។ ជាលក្ខណៈឯកជន Travis King ទំនងជាមិនមានសិទ្ធិ ឬអាចចូលទៅកាន់ព័ត៌មានសម្ងាត់រសើបៗ នោះទេ ប៉ុន្តែដោយសារតែជាទាហានអាមេរិកនៅឈរជើងនៅកូរ៉េខាងត្បូង ទាហានរូបនេះប្រហែលជាអាចប្រាប់កូរ៉េខាងជើង ពីរូបរាងសណ្ឋានមូលដ្ឋានទ័ព ចំនួនកងទ័ព ឬថាតើមានអង្គភាពណាខ្លះដែលឈរជើងនៅទីនោះ។

មួយវិញទៀត ដោយសារតែជាទាហាន និងជាពលរដ្ឋអាមេរិកផងនោះ កូរ៉េខាងជើងអាចប្រើប្រាស់ Travis King ជាឧបករណ៍ដ៏មានសក្ដានុពលដើម្បីចរចា ឬទាមទារ សម្បទានខ្លះៗពីសហរដ្ឋអាមេរិក ឬក៏អាចប្រើ King ក្នុងគោលបំណងឃោសនានយោបាយក៏ថាបាន។

គួរបញ្ជាក់ថា កាលពីអតីតកាល ពលរដ្ឋអាមេរិកចុងក្រោយគេមានឈ្មោះថា Bruce Byron Lowrance ក៏ធ្លាប់ជាប់ឃុំឃាំងនៅកូរ៉េខាងជើងផងដែរកាលពីឆ្នាំ២០១៨ បន្ទាប់ពីរូបគេបានឆ្លងដែន ចេញពីចិន ចូលទឹកដីកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់​ Lowrance ថាជាចារកម្មអាមេរិក CIA ប៉ុន្តែក្រោយមកបានយល់ព្រម ដោះលែងទាហានរូបនេះ បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេលមួយខែ ក្រោមការសម្របសម្រួលពីស្ថានទូតស៊ុយអែត ប្រចាំទីក្រុងព្យុងយ៉ាង។ កាលពីឆ្នាំ២០១៦ និស្សិតអាមេរិកម្នាក់មានឈ្មោះ Otto Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាបឃុំឃាំងរយៈពេល១៧ខែ ដោយចោទប្រកាន់ពីបទព្យាយាមលួចផ្ទាំងបដានយោបាយ ចេញពីសណ្ឋាគារ ដែលនិស្សិតរូបនេះស្នាក់ អំឡុងដំណើរទេសចរណ៍កម្សាន្តទៅកាន់កូរ៉េខាងជើង។

និស្សិត Otto Warmbier ត្រូវបានតុលាការកូរ៉េខាងជើង ផ្តន្ទាទោសដាក់ពន្ធនាគារឱ្យធ្វើការជាទម្ងន់រយៈពេល ១៥ឆ្នាំ ហើយបានដោះលែងនិសិ្សតរូបនេះ ក្នុងឆ្នាំ២០១៧។ ប៉ុន្តែ Warmbier បានទទួលមរណភាព មួយសប្ដាហ៍ក្រោយត្រូវបានបញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែមានការខូចខាតធ្ងន់ធ្ងរផ្នែកខួរក្បាល៕