(មូស្គូ)៖ វិមានក្រឹមឡាំងបានចោទប្រកាន់លោកខាងលិចថា បានបិទភ្នែកបិទត្រចៀកចំពោះ «ការវាយប្រហារភេរវកម្ម» ដែលធ្វើឡើងដោយអ៊ុយក្រែននៅលើដីរុស្ស៊ី ដោយបានកត់សម្គាល់នៅថ្ងៃពុធ (១៩កក្កដា) ថា ប្រទេសលោកខាងលិចនៅស្ងៀមស្ងាត់ ចំពោះការវាយប្រហារដ៏សាហាវនៅលើស្ពានកៀវ ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ទីក្រុងមូស្គូបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់ទូកគ្មានមនុស្សបើករបស់កងទ័ពជើងទឹក ដើម្បីវាយប្រហារលើស្ពានតភ្ជាប់រុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា វាមិនមែនជាលើកទីមួយទេ ដែលទីក្រុងមូស្គូបានកត់សម្គាល់ឃើញពី មិនអើពើរបស់លោកខាងលិច ក្នុងការថ្កោលទោសអំពើភេរវកម្មរបស់អ៊ុយក្រែន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ទីក្រុងកៀវជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែមិនទាន់មានការទទួលខុសត្រូវជាផ្លូវការនៅឡើយ។ ក្រុងកៀវបាននិយាយថា គ្រីមៀជាកម្មសិទ្ធិរបស់អ៊ុយក្រែន ហើយមានបំណងដណ្តើមយកវាវិញដោយកម្លាំង ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីបណ្តេញទាហានរុស្ស៊ីចេញពីទឹកដីខ្លួន។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី ប្ដីប្រពន្ធ ២នាក់ដែលធ្វើដំណើរតាមរថយន្ដនៅលើស្ពានគ្រីមៀ ក្នុងថ្ងៃឈប់សម្រាកកាលពីចុងសប្ដាហ៍កន្លងទៅ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ រីឯកូនស្រីរបស់ពួកគេមានអាយុ១៤ឆ្នាំ បានរងរបួស៕