(ញូវយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនស្តីពីបញ្ញាសិប្បនិមិត្ត (AI) ខណៈដែលប្រទេសចិនបាននិយាយថា បច្ចេកវិទ្យានេះមិនគួរឱ្យក្លាយជា «សេះដាច់ខ្សែ» នោះទេ ចំណែកសហរដ្ឋអាមេរិកព្រមាន កុំឱ្យប្រើប្រាស់វាដើម្បីគ្រប់គ្រង ឬគៀបសង្កត់មនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ដែលបានធ្វើជាប្រធានកិច្ចប្រជុំនេះ បាននិយាយថា AI នឹងធ្វើឱ្យមាន «ការផ្លាស់ប្តូរជាមូលដ្ឋានលើគ្រប់ទិដ្ឋភាពនៃជីវិតមនុស្ស»។
លោកបាននិយាយដូច្នេះថា «យើងត្រូវចាប់ផ្តើមជាបន្ទាន់ ដើម្បីរៀបចំអភិបាលកិច្ចសកលលើបច្ចេកវិទ្យា ពីព្រោះ AI មិនស្គាល់ព្រំដែនទេ»។ ជាមួយគ្នានេះ លោកបានបន្ថែមថា AI អាចជួយដោះស្រាយការប្រែប្រួលអាកាសធាតុ និងជំរុញសេដ្ឋកិច្ចក៏ពិតមែន ប៉ុន្តែវាក៏អាចបង្កើតព័ត៌មានមិនពិតកាន់តែច្រើន និងអាចជួយតួអង្គរដ្ឋ និងមិនមែនរដ្ឋទទួលបានអាវុធកាន់តែងាយស្រួលផងដែរ។
នាឱកាសនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «កម្មវិធីយោធា និងមិនមែនយោធា នៃបច្ចេកវិទ្យា AI អាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់សន្តិភាព និងសន្តិសុខពិភពលោក»។
លោក Guterres គាំទ្រការអំពាវនាវដោយរដ្ឋមួយចំនួន សម្រាប់ការបង្កើតស្ថាប័នអង្គការសហប្រជាជាតិថ្មីមួយ «ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាដ៏អស្ចារ្យនេះ» ដែលយកគំរូតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ឬក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ។
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានហៅ AI ថាជា «ដាវមុខពីរ» ហើយបាននិយាយថា ទីក្រុងប៉េកាំងគាំទ្រតួនាទីសម្របសម្រួលកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងការអភិវឌ្ឍន៍គោលការណ៍ណែនាំ AI ។
លោក Zhang បាននិយាយដូច្នេះថា «ថាតើវាល្អ ឬអាក្រក់ អាស្រ័យលើរបៀបដែលមនុស្សជាតិប្រើប្រាស់វា គ្រប់គ្រងវា និងរបៀបដែលយើងធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍ និងសុវត្ថិភាពវិទ្យាសាស្ត្រ ដើម្បីការពារបច្ចេកវិទ្យានេះពីការក្លាយជាសេះដាច់ខ្សែ»។
ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Jeffrey De Laurentiis ក៏បាននិយាយផងដែរថា ប្រទេសនានាត្រូវការកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីដោះស្រាយហានិភ័យសិទ្ធិមនុស្សដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ។
លោកបានប្រាប់ក្រុមប្រឹក្សាថា «មិនត្រូវឱ្យមានរដ្ឋជាសមាជិកណា ប្រើបញ្ញាសិប្បនិម្មិតនេះដើម្បីត្រួតពិនិត្យ រារាំង គាបសង្កត់ ឬធ្វើឱ្យមនុស្សអស់អំណាចឡើយ»៕