(កូឡុំបូ)៖ នៅថ្ងៃពុធនេះ សភាស្រីលង្កាបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដ៏សំខាន់មួយ ដើម្បីកែលម្អអភិបាលកិច្ច ក្នុងប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ ហើយគឺជាផ្នែកនៃលក្ខខណ្ឌដែលតម្រូវ ពាក់ព័ន្ធពាក់ព័ន្ធទៅនឹងថវិកាសង្គ្រោះចំនួន ២.៩ពាន់លានដុល្លាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ច្បាប់ខាងលើត្រូវបានអនុម័តដោយគ្មានការបោះឆ្នោតក្នុងសភា ដែលមានសមាជិកចំនួន ២២៥ រូប។ ប្រធានសភាស្រីលង្កា លោក ម៉ាហ៉ិនដា យ៉ាប៉ា អាបេវ៉ាដេណា (Mahinda Yapa Abeywardena) បានប្រាប់សមាជិកសភា បន្ទាប់ពីខ្លឹមសារវិសោធនកម្ម ប្រវែងជាង២០ទំព័រ ត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នោះ យ៉ាងដូច្នេះថា «ច្បាប់នេះត្រូវបានអនុម័តជាមួយនឹងការធ្វើវិសោធនកម្ម»។
គួរបញ្ជាក់ថា ដោយសារតែវិបត្តិរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ២០២២ ស្រីលង្កាមិនអាចសងបំណុលបរទេសរបស់ខ្លួនបាន ជាហេតុធ្វើឲ្យអតិផរណាកើនឡើង និងបានធ្លាក់ចុះយ៉ាងឆាប់រហ័សនូវតម្លៃរូបិយប័ណ្ណរបស់ខ្លួន។ ប៉ុន្តែស្ថានភាពហាក់បានប្រសើរឡើងវិញ បន្ទាប់ពីស្រីលង្កាសម្រេចបាននូវកម្ចីចំនួន ២.៩ពាន់លានដុល្លារពី IMF កាលពីខែមីនា តាមរយៈការបង្កើតច្បាប់ប្រឆាំងអំពើពុករលួយថ្មី ដើម្បីពង្រឹងអភិបាលកិច្ច និងស្របតាមអនុសញ្ញាប្រឆាំងនឹងអំពើពុករលួយ របស់អង្គការសហប្រជាជាតិ៕