(បាងកក)៖ សភារបស់ថៃ នៅថ្ងៃពុធនេះបានបដិសេធមិនឱ្យមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុង ការបោះឆ្នោតជុំទី២នេះនោះទេ។ នេះបើតាមប្រធានរដ្ឋសភាថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha បានគូសបញ្ជាក់ដូច្នេះថា «លោក Pita មិនអាចត្រូវបានតែងតាំង (ជាបេក្ខជននាយករដ្ឋមន្ត្រី) ជាលើកទី២ នៅក្នុងសម័យប្រជុំរួមនេះនោះឡើយ»។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះដែរ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។
គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំ គណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ ភាគហ៊ុន នៅក្នុង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។ បន្ថែមពីលើនេះ តុលាការធម្មនុញ្ញថៃក៏យល់ព្រមបើកសវនាការលើសំណុំរឿងនេះ ផងដែរ ខណៈមានការ រំពឹងថាជាច្រើនថាលោក Pita អាចនឹងត្រូវបានគេដកហូតសមាជិកភាពសភារបស់លោក។
លោក Pita ផ្ទាល់បាននិយាយថានឹងផ្ដល់សិទ្ធិឱ្យគណបក្សភឿថៃ បង្កើតក្រុមចម្រុះថ្មី និងជ្រើសរើស បេក្ខជននាយករដ្ឋមន្ត្រីថៃ។ លោក Pita បានទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ ហើយបានដើរចេញពីសភាថៃ៕