(ដាក្កា)៖ សកម្មជនបក្សប្រឆាំងម្នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាទូទាំងប្រទេសបង់ក្លាដែស ខណៈមនុស្សរាប់ម៉ឺននាក់ទាមទារឲ្យដកនាយករដ្ឋមន្ត្រី លោកស្រី សាអ៉ីក ហាស៉ីណា (Sheikh Hasina) ចេញពីតំណែងនៅមុន ការបោះឆ្នោតដែលបានគ្រោងទុកក្នុងខែមករា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
គណបក្សជាតិនិយម (BNP) ដែលដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី លោកស្រី ខាឡេដា ហ្សៀ (Khaleda Zia) និងសម្ព័ន្ធមិត្តបានអំពាវនាវ ឲ្យមានបាតុកម្មទូទាំងប្រទេសដើម្បីទាមទារឲ្យ លោកស្រី ហាស៉ីណា ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតក្រោមរដ្ឋាភិបាលចាំផ្ទះអព្យាក្រឹតមួយ។ សកម្មជនប្រឆាំងរាប់ម៉ឺននាក់ នៅថ្ងៃអង្គារសប្តាហ៍នេះ បានចេញដើរដង្ហែរក្បួនក្នុងរដ្ឋធានីដាក្កា (Dhaka) និងទីក្រុងផ្សេងទៀត លាតសន្ធឹងជិត ១៣គីឡូម៉ែត្រ នាំឲ្យចរាចរណ៍កកស្ទះនៅថ្ងៃធ្វើការដ៏មមាញឹក។
អ្នកនាំពាក្យរបស់គណបក្ស BNP លោក ហ្សាអៀ អ៊ុតឌីន ស្វាប៉ាន (Zahir Uddin Swapan) បានប្រាប់ AFP ថា សកម្មជនម្នាក់របស់បក្សត្រូវបានបាញ់សម្លាប់ ដោយសមាជិកក្រុមនិស្សិតនៃគណបក្សកាន់អំណាច នៅក្នុងទីក្រុងឡាក់មីពួរ (Laxmipur)។ ដោយឡែក អ្នកនាំពាក្យប៉ូលិសជាតិ លោក ម៉ុនហ្សួ រ៉េហ៍ម៉ាន់ (Monzur Rahman) បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញអំពើហិង្សានោះទេ។
គួរបញ្ជាក់ថា ក្រុមអ្នកនយោបាយឆ្វេងនិយមរបស់ លោកស្រី ហាស៉ីណា បានគ្រប់គ្រងប្រទេសដែលមានប្រជាជនច្រើនបំផុតទី៨ របស់ពិភពលោកមួយនេះចាប់តាំងពីឆ្នាំ ២០០៩មក ហើយកន្លងមកស្ថិតក្រោមការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។ រដ្ឋាភិបាលលោកខាងលិច បានសម្តែងការព្រួយបារម្ភចំពោះបរិយាកាសនយោបាយនៅក្នុងប្រទេសបង់ក្លាដែស ដែលគណបក្សរបស់លោកស្រី ហាស៉ីណា Hasina គ្រប់គ្រងសភា៕