(ប៉ារីស)៖ រដ្ឋមន្រ្តីយុត្តិធម៌នៃប្រទេសបារាំង បានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សសរុបជាង៧០០នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ដោយសារតែសកម្មភាពកុបកម្ម នៅក្នុងប្រទេសកាលពីអំលុងចុងខែមិថុនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
សរុបជារួម សាលក្រមចំនួន១,២៧៨ ត្រូវបានប្រកាសចេញដោយតុលាការ ហើយក្នុងនោះ ជនជាប់ចោទជាង៩៥ភាគរយ ត្រូវរកឃើញថា មានទោសក្រោមបទល្មើសជាច្រើន រាប់ចាប់តាំងពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រហូតដល់ការប្រើប្រាស់ហិង្សានិងវាយប្រហារទៅលើក្រុមមន្រ្តីប៉ូលិស។ មនុស្ស៦០០នាក់ ត្រូវបានបញ្ជូនចូលពន្ធនាគារ រួចជាស្រេចហើយ។ រដ្ឋមន្រ្តីយុត្តិធម៌បារាំង លោក អេរិគ ឌូពុន ម៉ូរេតទី (Eric Dupond-Moretti) បានសង្កត់ធ្ងន់ពីសារសំខាន់ជាខ្លាំង នៃចំណាត់ការឆ្លើយតបមួយ ដែលរឹងមាំនិងជាប្រព័ន្ធ ព្រមទាំងភាពចាំបាច់នៃការស្តារសណ្តាប់ធ្នាប់ជាតិឡើងវិញ។
គួរបញ្ជាក់ថា អំពើហិង្សាដែលតានតឹងបំផុតនៅតាមទីក្រុងក្នុងប្រទេសបារាំង គិតចាប់តាំងពីឆ្នាំ២០០៥មក គឺបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនា បន្ទាប់ពីមន្រ្តីប៉ូលិសបារាំង បានបាញ់សម្លាប់យុវជនអាយុ១៧ឆ្នាំម្នាក់ ដែលមានដើមកំណើតចេញមកពីតំបន់អាហ្រ្វិកខាងជើង អំលុងការត្រួតពិនិត្យចរាចរណ៍មួយ នៅជាយទីក្រុងប៉ារីស។ ក្រោយរយៈពេល៤យប់ ដែលពោរដោយអំពើហិង្សានិងការប៉ះទង្គិចគ្នា សកម្មភាពកុបកម្មក៏ត្រូវគ្រប់គ្រងបានទៅវិញ ដោយសារតែការដាក់ពង្រាយកងកម្លាំងសន្តិសុខ ប្រហែល៤៥,០០០នាក់ នៅទូទាំងប្រទេស។ មនុស្សសរុបច្រើនជាង៣,៧០០០នាក់ ត្រូវបានចាប់ខ្លួនអំលុងពេលនោះ៕