(ប៉េកាំង)៖ ក្រុមអ្នកទេសចរបាននាំគ្នាទៅមើលឧបរកណ៍វាស់កំដៅដ៏ធំមួយនៅក្នុងប្រទេសចិន ដែលបង្ហាញពីសីតុណ្ហភាពនៅកៀកនឹងផ្ទៃផែនដី កម្រិត៨០អង្សាសេ ខណៈចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ៤៤នាក់គិតត្រឹមថ្ងៃពុធនេះ ដែលនេះជាការវិវត្តន៍ថ្មីចុងក្រោយនៃបាតុភូតអាកាសធាតុ បង្កឲ្យមានការភ័យខ្លាច និងចម្ងល់នៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ ២០២៣។
នៅក្នុងខេត្តស៉ីបជាំង (Xinjiang) ភាគខាងលិចរបស់ប្រទេសចិន ភ្ញៀវទេសចរដែលមានពាក់មួក និងឆ័ត្រធំៗ បាននាំគ្នាថតរូប Selfie ជាមួយទែម៉ូម៉ែត្រយក្សជាមួយនិងសីតុណ្ហភាព ៨០អង្សាសេ។ ក្រៅពីរលកកំដៅខ្លាំង ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងព្រិល ត្រូវបានគេរំពឹងថានឹងបោកបក់លើផ្នែកផ្សេងទៀតនៃប្រទេសចិនក្នុងរយៈពេល ១៨ម៉ោងខាងមុខ (ម៉ោងក្នុងតំបន់)។
ចំណែកនៅកូរ៉េខាងត្បូងឯណោះវិញ ជំនន់ទឹកភ្លៀងបានវាយលុកតំបន់ភាគកណ្តាល និងភាគខាងត្បូងចាប់តាំងពីសប្តាហ៍មុនមក។ ករណីស្លាប់មនុស្សចំនួន ១៤នាក់បានកើតឡើងនៅផ្លូវក្រោមដីមួយកន្លែង កណ្តាលទីក្រុងឆឹងជូ (Cheongju) ខណៈដែលនៅក្នុងខេត្ត Gyeongsang ភាគអាគ្នេយ៍មានមនុស្ស ២២នាក់ស្លាប់ ហើយបំណាក់ដី និងខ្យល់កន្ត្រាក់កើតមានឡើងជាច្រើនលើក។
គួរបញ្ជាក់ថា បាតុភូតិជាសកលនៃរលកកំដៅដែលបានកើតឡើងលើផ្នែកខ្លះនៃតំបន់អឺរ៉ុប អាស៉ី និងសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ បានបន្ថែមបញ្ហាប្រឈមកាន់តែខ្លាំង។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អង្គការឧតុនិយមពិភពលោក បានព្រមានពីការកើនឡើងនូវហានិភ័យ នៃការស្លាប់ដោយសារសីតុណ្ហភាពខ្ពស់ខ្លាំងពេក៕