(សិង្ហបុរី)៖ សមាជិកជាន់ខ្ពស់២រូប នៃគណបក្សប្រឆាំងធំជាងគេបង្អស់នៅប្រទេសសិង្ហបុរី បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីសារភាពថា ពួកគេលួចមានទំនាក់ទំនងជាមួយគ្នា ក្រៅចំណងអាពាហ៍ពិពាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
អំលុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះ លោក ព្រីតាម ស៉ីញ (Pritam Signh) ដែលជាអគ្គលេខាធិការគណបក្សពលករសិង្ហបុរី (Workers' Party) បានឱ្យដឹងថា លោក ឡេអូន ប៉េរេរ៉ា (Leon Perera) ដែលជាសមាជិកសភា ហើយនិងលោកស្រី នីខូល សៀ (Nicole Seah) ដែលជាប្រធានសម្ព័ន្ធយុវជនរបស់គណបក្សពលករ បានដាក់ពាក្យស្នើសុំលាលែងពីតំណែងរបស់ពួកគេ ក្រោយសារភាពថា ពួកគេបានលួចមានទំនាក់ទំនងស្នេហាជាមួយគ្នា និងបន្ទាប់ពីឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះលើបណ្តាញសង្គម កាលពីដើមសប្តាហ៍នេះ ដែលបានបង្ហាញឱ្យឃើញអ្នកទាំងពីរកាន់ដៃគ្នា ក្នុងលក្ខណៈយ៉ាងស្និទ្ធស្នាល។
លោក ស៉ីញ បានបន្ថែមថា ធម្មនុញ្ញរបស់គណបក្ស Workers's Party តម្រូវឱ្យបេក្ខជននិងសមាជិកទាំងអស់ បង្ហាញភាពស្មោះត្រង់ឥតលាក់លាម ក្នុងការធ្វើការជាមួយគណបក្សផ្ទាល់ និងចំពោះប្រជាជនសិង្ហបុរី ខណៈសកម្មភាពរបស់លោក Perera និងលោកស្រី Seah គឺជារឿងមិនអាចទទួលយកបាននោះទេ។
គួរបញ្ជាក់ថា វាគឺជារឿងអាស្រូវទី៣ហើយ ដែលបានកើតមានលើប្រទេសដែនកោះដ៏តូចមួយនេះ ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ហើយបង្កការភ្ញាក់ផ្អើល ចំពោះប្រជាជនសិង្ហបុរី ដែលធ្លាប់តែជួបស្ថានភាពនយោបាយ ប្រកបដោយស្ថិរភាព និងពុំមានរឿងអាស្រូវច្រើន។ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរីត្រូវបានឃាត់ខ្លួន ដោយសារជាប់ពាក់ព័ន្ធក្នុងការស៉ើបអង្កេតអំពើពុករលួយទ្រង់ទ្រាយធំមួយ ហើយកាលពីថ្ងៃចន្ទសប្តាហ៍នេះ សមាជិកសភាសិង្ហបុរី២រូប ក្នុងនោះម្នាក់ជាប្រធានសភា ក៏បានលាលែងពីតួនាទីផងដែរ ដោយសារលួចមានទំនាក់ទំនងមិនសមរម្យជាមួយគ្នា៕