(គ្រីមៀ)៖ អភិបាលតំបន់គ្រីមៀ បានឱ្យដឹងនៅថ្ងៃពុធនេះថា គ្រោះអគ្គិភ័យមួយបានកើតឡើង នៅឯមូលដ្ឋានហ្វឹកហ្វឺនយោធាមួយកន្លែង ស្ថិតក្នុងស្រុកគីរ៉ូវស្កេ (Kirovske) នៃឧបទ្វីបគ្រីមៀ ជាហេតុបង្ខំឱ្យអាជ្ញាធរត្រូវចេញបញ្ជាជម្លៀសខ្លួន សម្រាប់ប្រជាជនជាង២,០០០នាក់ ហើយបិទផ្លូវហាយវ៉េមួយខ្សែថែមទៀត ដែលនៅក្បែរនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
អភិបាលតំបន់គ្រីមៀ លោក សឺហ្គៃ អាក់សិននូវ (Sergei Aksyonov) បាននិយាយលើបណ្តាញសង្គម Telegram ថា ដោយសារតែហេតុការណ៍គ្រោះអគ្គិភ័យខាងលើ ប្រជាជននៅតាមសហគមន៍ចំនួន៤ ដែលស្មើនឹងចំនួនជាង២,០០០នាក់ ត្រូវស្ថិតក្រោមការបង្គាប់ឱ្យជម្លៀសខ្លួន ជាបណ្តោះអាសន្ន។ យ៉ាងណាក្តី ពុំមានការផ្តល់មូលហេតុ ដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះឡើយ ខណៈផ្លូវហាយវ៉េ តាវរីឌី (Tavridy) ដែលសំខាន់មួយនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវបានបិទផងដែរ។
ដោយឡែក ឆាណែល Telegram រុស្ស៉ីដែលមានទំនាក់ទំនង ជាមួយទីភ្នាក់ងារសន្តិសុខរបស់ប្រទេសរុស្ស៉ី ហើយនិងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ថា ដេប៉ូស្តុកគ្រាប់រំសេវមួយបានរងការឆាបឆេះ នៅឯមូលដ្ឋានយោធាខាងលើ បន្ទាប់ពីមានការវាយប្រហារ កាលពីពេលយប់ដោយអ៊ុយក្រែន។
គួរបញ្ជាក់ថា អគ្គិភ័យនោះកើតឡើង នៅរយៈពេល២ថ្ងៃ បន្ទាប់ពីហេតុការវាយប្រហារមួយ ដែលបានធ្វើឱ្យខូចខាតស្ពានតភ្ជាប់រវាងតំបន់ឧបទ្វីបគ្រីមៀ និងប្រទេសរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាសកម្មភាពដែលទីក្រុងមូស្គូបានទម្លាក់កំហុសលើអ៊ុយក្រែន ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្តេជ្ញាសងសឹកទៅវិញ។ កាលពីចន្លោះយប់ថ្ងៃអង្គារ-ពុធសប្តាហ៍នេះ រុស្ស៉ីបានបន្តបើកការវាយប្រហារតាមផ្លូវអាកាសពីរយប់ជាប់គ្នា លើទីក្រុងកំពង់ផែអូដេសារបស់អ៊ុយក្រែន៕