(អាថែន)៖ ភ្លើងឆេះព្រៃ ២កន្លែង បានលេបត្របាក់ព្រៃឈើដោយមិនអាចគ្រប់គ្រងបាន និងរាលដាលដល់ទីប្រជុំជនភាគពាយព្យនៃទីក្រុងអាថែន របស់ប្រទេសក្រិក កាលពី ថ្ងៃអង្គារសប្តាហ៍នេះដែលជាថ្ងៃទីពីរហើយ ដោយបង្ខំឲ្យអ្នកស្រុកជាច្រើននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអាជ្ញាធរកំពុងព្យាយាមពន្លត់អណ្តាតភ្លើងឈានចូលដល់តំបន់ រោងចក្រចម្រាញ់ប្រេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
សាក្សី និងក្រុមមន្ត្រីបានឲ្យដឹងថា ភ្លើងឆាបឆេះលាតសន្ធឹងលើចម្ងាយជាង ៨គីឡូម៉ែត្រដោយបានដុតបំផ្លាញផ្ទះ និងរថយន្តនៅជុំវិញតំបន់ម៉ាន់ដ្រា (Mandra) ស្ថិតនៅ ភាគខាងលិចនៃរដ្ឋធានីអាថែន។ ចរាចរណ៍ត្រូវបានផ្អាកអស់ជាច្រើនម៉ោងនៅលើផ្លូវជាតិចំនួន២ ដែលតភ្ជាប់ទីក្រុងអាថែន ទៅកាន់ទីក្រុងអ៉ីលីហ្វស៉ីណា (Elefsina) និងទីក្រុងកូរីន (Corinth) ដែលជាតំបន់រោងចក្រចម្រាញ់ប្រេង។
គិតត្រឹមល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) អណ្តាតភ្លើងកំពុងឆ្ពោះទៅកាន់ទីប្រជុំជនមាត់សមុទ្រនៀ ភឺរ៉ាម៉ូស (Nea Peramos)។ អ្នកស្រុកចំនួន ៧ត្រូវបានជម្លៀសចេញ ហើយប៉ូលិសបានជួយជម្លៀសមនុស្សជាង ៣០០នាក់។ ក្នុងពេលដែលក្រិកអំពាវនាវរកជំនួយពីដៃគូសហភាពអឺរ៉ុបរបស់ខ្លួន អ៉ីតាលី និងបារាំងបានបញ្ជូនយន្តហោះបាញ់ ទឹកកាណាដាចំនួន ៤គ្រឿង ហើយក្រុមពន្លត់អគ្គីភ័យបរទេសក៏កំពុងជួយពន្លត់ភ្លើងឆេះនៅទីនោះផងដែរ។
គួរបញ្ជាក់ថា ទីភ្នាក់ឧតុនិយម បានព្រមានអំពីហានិភ័យខ្ពស់អំពីគ្រោះអគ្គីភ័យក្នុងសប្តាហ៍នេះ ខណៈក្រិកទើបនឹងងើបឡើងវិញពីរលកកំដៅខ្លាំងនៅដើមដំបូង នៃរដូវក្តៅ។ ចំណែក រលកកំដៅលើកទីពីរត្រូវបានព្យាករសម្រាប់ចុងសប្តាហ៍នេះ។ កាលពីឆ្នាំ ២០១៨ គ្រោះមហន្តរាយភ្លើងឆេះព្រៃបានសម្លាប់មនុស្សចំនួន ១០១នាក់នៅក្នុង ទីក្រុងមាត់សមុទ្រម៉ាទី ស្ថិតនៅភាគខាងកើតទីក្រុងអាថែន ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕