(វ៉ាស៉ីនតោន)៖ ឧត្តមសេនីយ៍កំពូលមួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនប្រឆាំងរុស្ស៉ី គឺនៅឆ្ងាយពី ការបរាជ័យ ប៉ុន្តែការប្រយុទ្ធគ្នាដ៏បង្ហូរឈាមនាពេលខាងមុខនឹងមានរយៈពេលវែង បើទោះបីជាភាគីទាំងសងខាងរងគ្រោះកាន់តែខ្លាំង ហើយខ្សែត្រៀមជួរមុខមានការប្រែប្រួល តិចតួចក៏ដោយ។ នេះបើយោងតាមកាចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត បានចំណាយពេលជាច្រើនខែក្នុងការផ្គត់ផ្គង់អាវុធ និងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន ដើម្បីអាចវាយបំបែកខ្សែការពារដ៏រឹងមាំ របស់រុស្ស៉ីអំឡុងប្រតិបត្តិការវាយបកនេះ។ ថ្លែងបន្ទាប់ពីកិច្ចចរចាមួយទៀតស្តីពីការផ្តល់អាវុធសម្រាប់អ៊ុយក្រែន លោកឧត្តមសេនីយ ម៉ាក មីលលី (Mark Milley) ប្រធាន អគ្គសេនាធិការចម្រុះកងទ័ពអាមេរិក បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ការវាយលុករបស់អ៊ុយក្រែនធ្វើឡើងដោយសន្សឹមៗ។ ខ្ញុំគិតថា នៅមានការប្រយុទ្ធគ្នា ច្រើនទៀត ហើយខ្ញុំនៅតែរក្សាពាក្យដដែលថាវានឹងមានរយៈពេលយូរ វានឹងពិបាក វានឹងមានការបង្ហូរឈាមគ្នាតទៀត»។ នៅពេលត្រូវបានសួរថាតើការវាយលុកនេះ អាចបរាជ័យឬយ៉ាងណាហើយមកទល់ពេលនេះ? លោក មីលលី ឆ្លើយតបថា «វានៅឆ្ងាយពីការនិយាយថាបរាជ័យ។ ខ្ញុំគិតថាវាលឿនពេកក្នុងការចាត់ទុកបែបនោះ»។
គួរបញ្ជាក់ថា ចាប់តាំងពីផ្តើមប្រតិបត្តិការវាយបករបស់ខ្លួនកាលពីខែមិថុនា អ៊ុយក្រែន បានដណ្តើមយកភូមិមួយចំនួននៅឯភាគខាងត្បូង និងទឹកដីជុំវិញទីក្រុងបាកមូដ ដែលនៅភាគខាងកើត ប៉ុន្តែមិនទាន់ទម្លុះឆ្លងកាត់ខ្សែការពាររបស់រុស្ស៉ីនៅឡើយទេ។ ទីក្រុងកៀវ អះអាងថាកំពុងឆ្ពោះទៅមុខដោយសន្សឹមៗដើម្បីជៀសវាងការស្លាប់ និងរបួស ហើយការផ្តោតសំខាន់នាពេលនេះ គឺទៅលើផ្នែកដឹកជញ្ជូន និងទីបញ្ជាការរបស់រុស្ស៉ី។ ដោយឡែក ទីក្រុងមូស្គូថា ការវាយលុករបស់អ៊ុយក្រែនបានបរាជ័យ៕