(បាងកក)៖ គណបក្ស Pheu Thai នឹងតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជុំទី៣ នៃសម័យប្រជុំរួមរដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងករណីដែលបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward លោក Pita Limjaroenrat បរាជ័យសាជាថ្មីនៅក្នុងការបោះឆ្នោតជុំទី២ នៅថ្ងៃពុធនេះ។ នេះជា ការបញ្ជាក់របស់អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដកស្រងចេញដោយសារព័ត៌មាន The Nation។
អ្នកនាង ផែថងថាន ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមចម្រុះជាដៃគូជាមួយគណបក្ស Move Forward បានបញ្ជាក់ កាលពីថ្ងៃចន្ទថាពួកគេនឹងបោះឆ្នោតគាំទ្រលោក Pita នៅក្នុងការបោះឆ្នោតជុំទី២ ខណៈរូបលោកត្រូវការសំឡេងគាំទ្រយ៉ាងហោច ៦៣សំឡេងពីសមាជិកព្រឹទ្ធសភា ឬសមាជិកសភា នៅក្រៅក្រុមចម្រុះទាំង៨គណបក្សរបស់លោក។ បើតាមអ្នកនាង ផែថងថាន គណបក្ស Pheu Thai នឹងព្យាយាមតាមដែលអាចធ្វើទៅបានដើម្បីគាំទ្រលោក Pita ប៉ុន្តែប្រសិនបើលោកបរាជ័យជាថ្មីម្ដងទៀត នោះអ្នកនាងនឹងស្នើកោះប្រជុំក្រុមប្រឹក្សាភិបាលគណបក្ស Pheu Thai បោះឆ្នោតតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្រោយ Pheu Thai ក្លាយជាមេដឹកនាំក្រុមចម្រុះ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១៣ ខែកក្កដា លោក Pita ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់នោះទេ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ ដោយលោកទទួបានត្រឹមតែ ១៣សំឡេងប៉ុណ្ណោះ នៅក្នុងចំណោមសមាជិកព្រឹទ្ធសភា ទាំង២៤៩រូប។ លោក Pita ផ្ទាល់ក៏បានបញ្ជាក់ដែរថាប្រសិនបើលោកទទួលបរាជ័យ ជាលើកទី២ នោះលោកនឹងផ្ដល់សិទ្ធិឱ្យគណបក្ស Pheu Thai ដឹកនាំក្រុមចម្រុះ និងរើសបេក្ខជននាយករដ្ឋមន្ត្រីថ្មី៕