(សេអ៊ូល)៖ ទាហានអាមេរិកម្នាក់ដែលបានឆ្លងដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើង ដោយមិនមានការអនុញ្ញាតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានអាជ្ញាធរកូរ៉េខាងជើង ចាប់ឃុំខ្លួនហើយ។ នេះបើតាមក្រុមមន្ត្រីអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ទាហានអាមេរិកខាងលើ ដែលត្រូវបានគេបញ្ជាក់អត្តសញ្ញាណថាមានឈ្មោះ Travis King បានរត់ចូលទៅក្នុងទឹកដីកូរ៉េខាងជើង អំឡុងការធ្វើដំណើរកម្សាន្តមួយ ទៅកាន់ ភូមិ ប៉ាន់មុនជុម (Panmunjom) ដែលជាខ្សែបន្ទាត់ព្រំដែនខណ្ឌចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ទាហានឈ្មោះ King បានក្លាយជាពលរដ្ឋអាមេរិកចុងក្រោយ គេបំផុត ដែលត្រូវបានចាប់ឃុំខ្លួននៅកូរ៉េខាងជើង ជាប្រទេសឯកោបំផុតមួយនៅលើពិភពលោក។ បើតាមក្រុមមន្ត្រីអាមេរិក ទាហានអាមេរិករូបនេះបានចូលបម្រើការ ក្នុងជួរកងទ័ពក្នុងឆ្នាំ២០២១ និងទើបតែត្រូវបានលែងចេញពីពន្ធនាគារក្នុងប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ក្រោយត្រូវបានចាប់ខ្លួនពីបទប្រើហិង្សា ដោយចេតនា។
មន្ត្រីអាមេរិកម្នាក់បានប្រាប់ New York Times ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាយោធាអាមេរិក មានគម្រោងបញ្ជូនទាហានឈ្មោះ King ទៅកាន់មូលដ្ឋានទ័ព Fort Bliss ក្នុងរដ្ឋតិចសាស់ ដើម្បីប្រឈមមុខនឹងការដាក់ពិន័យបន្ថែម។ ទាហានរូបនេះដំបូងឡើយត្រូវបានគេនាំទៅកាន់ព្រលានយន្ដហោះ ប៉ុន្តែដោយមិនឡើងលើយន្ដហោះ រូបគេស្រាប់តែអាចចូលរួមក្នុងដំណើរកម្សាន្ត ទៅកាន់ភូមិប៉ាន់មុនជុម (Panmunjom) ទៅវិញ។ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើទាហានរូបនេះ ចូលរួម ក្នុងដំណើរកម្សាន្តនេះដោយរបៀបណានោះទេ ហើយក៏មិនមានការបញ្ជាក់ថាតើរូបគេមានផែនការរត់ចូលដីកូរ៉េខាងជើង ឬក៏យ៉ាងណានោះដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកនាំភ្ញៀវទេសចរ ក៏បានព្យាយាមដេញចាប់ទាហានឈ្មោះ King ផងដែរ តែតាមមិនទាន់ ហើយរូបគេត្រូវបានគេឃើញទាហានកូរ៉េខាងជើង ចាប់ខ្លួន យកទៅ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងព្យាយាមទំនាក់ទំនងជាកូរ៉េខាងជើង ក្នុងពេលដែលមានភាពតានតឹងខ្លាំងជាមួយទីក្រុងព្យុងយ៉ាង៕