(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ជាង ៤ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។
បើតាមក្រសួងការពារជាតិជប៉ុន មីស៊ីលទាំង ២គ្រាប់ដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់នៅព្រឹកថ្ងៃពុធនេះ គឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ហើយ មីស៊ីលទាំង ២គ្រាប់នេះ ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាស៊ូ ហាម៉ាដា (Yasukazu Hamada) ក៏បានបញ្ជាក់ដែរដែរថាមីស៊ីលគ្រាប់ទី១ ហោះដល់រយៈកម្ពស់ ៥០គីឡូម៉ែត្រ និងហោះបានចម្ងាយ ៥៥០គីឡូម៉ែត្រ ខណៈមីស៊ីលគ្រាប់ទី២ ហោះក្នុងរយៈកម្ពស់ ៥០គីឡូម៉ែត្រ និងចម្ងាយ ៦០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ កើតមានឡើងជិតមួយសប្ដាហ៍ ក្រោយទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ប្រើឥន្ធនៈរឹង Hwasong-18 ដែលជាមីស៊ីលស៊េរីថ្មីចុងក្រោយគេបំផុតរបស់របបដឹកនាំលោក គីម ជុងអ៊ុន។ ម្យ៉ាងវិញទៀត ការធ្វើតេស្ដនេះ ទៀតសោត ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរ ទៅកំពង់ផែនៃទីក្រុងប៊ូសាន ជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ១៩៨១មក៕