(វ៉ាស៊ីនតោន)៖ នៅទីបំផុតទៅ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១៨ ខែកក្កដានេះ បានបង្ហាញក្ដីព្រួយបារម្ភពីស្ថានការណ៍វិវត្តន៍នៅក្នុងប្រព័ន្ធច្បាប់របស់ថៃ ខណៈមេដឹកនាំគណបក្ស ដែលឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ កំពុងប្រឈមមុខនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ដល់ទៅ ២ករណីផ្សេងគ្នា។
ក្រុមមន្ត្រីអាមេរិក បានរក្សាភាពស្ងៀមស្ងាត់មិននិយាយអ្វីច្រើនឡើយ ជុំវិញស្ថានការណ៍វិវត្តន៍ក្រោយការបោះឆ្នោតសកលក្នុងប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តយោធាដ៏ចំណាស់មួយ របស់ខ្លួន នៅក្នុងតំបន់អាស៊ីជាទីដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្រួយបារម្ភពីការកើនឡើងឥទ្ធិពលចិន។ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានពីស្ថានការណ៍ក្នុងប្រទេសថៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មិនមានចំណាប់អារម្មណ៍អ្វីចំពោះលទ្ធផលបោះឆ្នោតរបស់ថៃនោះទេ ប៉ុន្តែគាំទ្រ នីតិវីធីមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈនៃប្រជាជនថៃ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានការណ៍វិវត្តន៍នៅក្រោយការបោះឆ្នោត ក្នុងនោះរួមមានទាំងស្ថានការណ៍វិវត្តន៍ ថ្មីៗនេះនៅក្នុងប្រព័ន្ធច្បាប់ដែលជារឿងគួរឱ្យព្រួយបារម្ភ»។
ប្រតិកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញស្ថានការណ៍នៅក្នុងប្រទេសថៃ ធ្វើឡើង មុននឹងសភាទាំង ២របស់ថៃនឹងត្រូវបើកសម័យប្រជុំរួមជាលើកទី២ នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បី បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ទទួលបរាជ័យក្នុងការបោះឆ្នោតកាលពីជុំទី១។ លោក Pita ត្រូវបាន គេរំពឹងថានឹងឈរឈ្មោះជាថ្មីម្ដងទៀត។ ប៉ុន្តែ ជាមួយគ្នានោះដែរ តុលាការធម្មនុញ្ញថៃបានទទួលយកពាក្យបណ្ដឹង ២ ដាច់ដោយឡែកពីគ្នាប្រឆាំងនឹងរូបលោក ពាក់ព័ន្ធនឹងផែនការ ធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះចេសា្ដ និងអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃដែលស្នើឱ្យដកសមាជិកភាពសភារបស់លោក Pita ដោយចោទថា បេក្ខជននាយករដ្ឋមន្ត្រីរូបនេះបានរំលោភលើច្បាប់បោះឆ្នោត ជុំវិញការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។
ខណៈជោគវាសនារបស់លោក Pita និងអ្នកប្រជាធិបតេយ្យ ក្នុងប្រទេសថៃកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ឯណោះវិញ ក៏កំពុងប្រឈមមុខនឹង «ការធ្វើតេស្ដមួយ» ដ៏ធំផងដែរ នោះគឺថា «តើសហរដ្ឋអាមេរិកនឹងឈរនៅខាងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសថៃ ទោះជាត្រូវលះបង់ផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ឬដែរក៏យ៉ាងណា?»
ថៃ គឺជាសម្ព័ន្ធមិត្តយោធាដ៏ចំណាស់មួយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី។ ទំនាកទំនងរវាងប្រទេសទាំង២ បានចាប់ផ្ដើមតាំងតែពីឆ្នាំ១៨១៨មកម្លេះ នៅពេលដែលលោក James Monroe ជាប្រធានាធិបតីអាមេរិក ហើយថៃ និងសហរដ្ឋអាមេរិកបានចុះសន្ធិសញ្ញានៃទំនាក់ទំនងមិត្តភាពជាផ្លូវការក្នុងឆ្នាំ១៨៣៣។ នៅក្នុងសម័យសង្រ្គាមត្រជាក់ ថៃ បានជ្រើសរើសឈរនៅខាងសហរដ្ឋអាមេរិក និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្រ្គាមវៀតណាម ដោយបញ្ជូនកងទ័ពរបស់ខ្លួនទៅប្រយុទ្ធនៅទីនោះ និងបើកដៃឱ្យអាមេរិក បើកប្រតិបត្តិការយោធាចេញពីមូលដ្ឋានទ័ពក្នុងប្រទេសថៃទៀតផង។ មកដល់សព្វថ្ងៃ សក្ខីភាពនៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងថៃ និងសហរដ្ឋអាមេរិក នោះគឺស្ថានទូតអាមេរិក ប្រចាំទីក្រុងបាងកក គឺជាស្ថានទូតធំជាងគេលំដាប់ទី៤ នៅក្នុងចំណោមស្ថានទូតអាមេរិកនៅជុំវិញពិភពលោក។
ក៏ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសទាំង២ ចាប់ផ្ដើមស្គាល់ភាពតានតឹងនឹងគ្នាចាប់តាំងពីឆ្នាំ២០១៤មក ពោលគឺនៅក្រោយយោធាថៃធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ជាប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចដែរនោះកាលពីឆ្នាំ២០០៦។ បច្ចុប្បន្នទាំងលោកស្រី យ៉ីងឡាក់ និងលោក ថាក់ស៊ីន សុទ្ធតែកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេស។ ក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្កោលទោសរដ្ឋប្រហាររបស់យោធាថៃ ប៉ុន្តែអ្នកដែលសប្បាយចិត្តជាងគេនៅពេលនោះ គឺចិន ដែលបានចាប់យកឱកាសស្រវាអោបរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ សព្វថ្ងៃ លោក បា្រយុទ្ធ ចាន់អូចា។
ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងថៃ និងសហរដ្ឋអាមេរិកមានភាពរកាំរកូសនឹងគ្នាជារឿយៗ តែក្នុងពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន ក៏មិនបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាដុំកំភួន លើរបបលោក ប្រាយុទ្ធឡើយ ដោយរដ្ឋបាលលោក អូបាម៉ា បានកាត់បន្ថយចំនួនកងទ័ពអាមេរិកដែលត្រូវចូលរួមក្នុង «សមយុទ្ធពស់វែកមាស» ដែលជាសមយុទ្ធរួមគ្នាប្រចាំឆ្នាំដ៏សំខាន់ មួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាងកក។ ក្រោយមកទៀត នៅពេលដែលលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៧ ការរិះគន់ ទាំងឡាយលើរបបលោក ប្រាយុទ្ធ ត្រូវបិទបញ្ចប់ ហើយមកដល់ជំនាន់លោក ចូ បៃដិន សេតវិមានកាន់តែប្រឹងប្រែងព្យាយាមស្ដារទំនាក់ទំនងជាមួយថៃ ក្រោមក្របខណ្ឌនៃនយោបាយ ផ្ដោតលើតំបន់អាស៊ីរបស់លោក បៃដិន។ នៅខែឧសភា ឆ្នាំ២០២២ លោក ប្រាយុទ្ធ បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ហើយនៅខែកក្កដា ឆ្នាំដដែល លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងបាងកក និងប៉ុន្មានខែក្រោយមក លោក ប្រាយុទ្ធ បានជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅឯកិច្ចប្រជុំ APEC ក្នុងទីក្រុងបាងកក។
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ការវិវត្តន៍បែបនេះធ្វើឱ្យរដ្ឋបាលលោក ចូ បៃដិន ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ។ យ៉ាងណាក៏ដោយ ចិនបានចូលខ្លួនបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក នៅក្នុងទំនាក់ទំនងជាមួយថៃរួចទៅហើយ ដោយបានក្លាយជាទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃ ខណៈភ្ញៀវទេសចរចិនក៏ចូលរួមចំណែកយ៉ាងធំក្នុងវិស័យទេសចរណ៍ដែលជាសសៃឈាមសេដ្ឋកិច្ចមិនអាចខ្វះបានរបស់ថៃផងដែរ។ ជាការពិតណាស់ ក្រុមអ្នកវិភាគជឿថាមិនថា អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃជានរណានោះទេ ក៏ទីក្រុងបាងកកនឹងព្យាយាមអនុវត្តគោលនយោបាយរក្សាតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិន។ អស់រយៈពេល រាប់ទសវត្សរ៍មកនេះ ទីក្រុងបាងកក បានទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយពីពួកកំពូលមហាអំណាច ដោយផ្អែកលើភាពប្រាកដនិយមជាងទ្រឹស្ដី។ ជាឧទាហរណ៍ ថៃ បានទាញយកប្រយោជន៍សេដ្ឋកិច្ចពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីចិន ព្រមទាំងទាញយកប្រយោជន៍ការការពារសន្តិសុខក្នុងនាមជាសម្ព័ន្ធមិត្ត និងជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ សហរដ្ឋអាមេរិក ដែលនាំចូលទំនិញពីថៃ ទំហំ៥៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។
ម្យ៉ាងវិញទៀត បើទោះជាក្នុងករណីបើមានអ្នកប្រជាធិបតេយ្យណាម្នាក់អាចនឹងក្លាយជានាយករដ្ឋមន្ត្រីក៏ដោយ ក៏អំណាចនៅតែស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមអ្នកអភិរក្សនិយម តួយ៉ាង ដូចជាយោធាថៃ។ ម្លោះហើយខណៈកំពុងប្រឈមមុខនឹងស្ថានការណ៍មិនច្បាស់លាស់នៅក្នុងប្រទេសថៃ សហរដ្ឋអាមេរិកមានតែត្រូវរក្សាភាពស្ងៀមស្ងាត់ ដោយរង់ចាំមើលថាតើនរណា នឹងក្លាយជានាយករដ្ឋមន្ត្រីថៃ? ពីព្រោះថាអ្នកនយោបាយមួយចំនួន នៅក្នុងទីក្រុងវ៉ាស៊ីនតោន បារម្ភថាការថ្កោលទោស ឬការរិះគន់លើយោធាថៃ អាចនឹងជំរុញឱ្យថៃកាន់តែខិតទៅរក ចិន ឬអាចធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់មិត្តចាស់ម្នាក់នេះរបស់ខ្លួនក៏ថាបាន។
គួរបញ្ជាក់ថា សភាទាំង ២របស់ថៃនឹងត្រូវបើកសម័យប្រជុំរួម ជាលើកទី២ នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ទទួលបរាជ័យក្នុងការបោះឆ្នោត កាលពីជុំទី១ ហើយលោកត្រូវបានគេរំពឹងថានឹងឈរឈ្មោះជាថ្មីម្ដងទៀត។ ក្រុមអ្នកវិភាគជឿថាលោក Pita មាន ឱកាសតិចតួចណាស់ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រី ខណៈលោក Pita ផ្ទាល់ក៏បានអះអាងដែរថាលោកនឹងប្រគល់នាទីឱ្យគណបក្សភឿថៃបង្កើតក្រុមចម្រុះថ្មី បើរូបលោកបរាជ័យ ជាថ្មីនៅក្នុងការបោះឆ្នោតជុំទី២។ លើសពីនេះទៅទៀត វាក៏មានសេណារីយ៉ូ ដែលរដ្ឋាភិបាលថៃសំឡេងភាគតិច អាចនឹងដឹកនាំដោយមនុស្សគាំទ្រដោយយោធាផងដែរ ស្របពេល លទ្ធភាពនៃការធ្វើរដ្ឋប្រហារមិនត្រូវបានគេដកចេញនោះទេ។ ប្រសិនបើសេណារីយ៉ូច្រំដែលបែបនេះកើតឡើងជាថ្មី នោះរដ្ឋបាលលោក ចូ បៃដិន អាចប្រឈមនឹងស្ថានភាពត្រូវបង្ខំចិត្ត ជ្រើសរើសរវាង «ប្រជាធិបតេយ្យពិតប្រាកដក្នុងប្រទេសថៃ និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ»។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ (Summit for Democracy) កាលពីខែមីនាកន្លងទៅ លោក ចូ បៃដិន ធ្លាប់បានប្រកាសថាសហរដ្ឋអាមេរិកនឹងឈរការពារប្រជាធិបតេយ្យប្រឆាំងនឹងអំណាចផ្ដាច់ការ។ ប៉ុន្តែ នៅពេលនិយាយដល់ការប្រកួតប្រជែង ជាមួយចិន និងនៅក្នុងប្រទេសថៃ «ប្រជាធិបតេយ្យ និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ» តែងតែមានជម្លោះនឹងគ្នាជានិច្ច សម្រាប់សេតវិមាន។ សម្រាប់ចិនវិញ គឺមិនខ្វល់ អ្វីទាំងអស់ មិនថាមេដឹកនាំថ្មីរបស់ថៃជាអ្នកប្រជាធិបតេយ្យ ឬផ្ដាច់ការនោះឡើយ។
ការបោះឆ្នោតនៅក្នុងប្រទេសថៃ អាចប្រែក្លាយទៅជាបាតុកម្មតវ៉ា អំពើហិង្សា ឬក៏រដ្ឋប្រហារបានគ្រប់ពេលវេលា។ ដូច្នេះបើរឿងទាំងនេះកើតឡើងមែន នោះវានឹងក្លាយជាពេលវេលាមួយ ដែលលោក ចូ បៃដិន ត្រូវបង្ហាញប្រាប់ពិភពលោកឱ្យច្បាស់ថាតើអ្វីទៅជានិយមន័យនៃឃ្លាថា «សហរដ្ឋអាមេរិកនឹងឈរការពារលទ្ធិប្រជាធិបតេយ្យ» មិនមែននិយាយបានតែមាត់ នោះទេ៕