(មូស្គូ)៖ មួយថ្ងៃបន្ទាប់ពីការវាយប្រហារលើស្ពាននៅតំបន់គ្រីមៀ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធានៅទីក្រុងកំពង់ផែអ៊ុយក្រែនចំនួនពីរ កាលពីយប់មិញ ក្នុងអ្វីដែលហៅថាជា «ការវាយប្រហារសងសឹកដ៏ធំ» បន្ទាប់ពីការវាយប្រហារលើស្ពានគ្រីមៀ ដែលខ្លួនបានស្តីបន្ទោសលើទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា ខ្លួនបានទម្លាក់គ្រាប់បែកលើទីក្រុងកំពង់ផែ Odessa ជាកន្លែងដែលទីតាំងកងទ័ពជើងទឹករបស់អ៊ុយក្រែន និងទីក្រុង Mykolaiv នៅលើឆ្នេរសមុទ្រខ្មៅរបស់អ៊ុយក្រែន។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី បានធ្វើការវាយប្រហារសងសឹកទ្រង់ទ្រាយធំពេញមួយយប់ ដោយប្រើប្រាស់អាវុធដែលមានមូលដ្ឋានលើសមុទ្រយ៉ាងជាក់លាក់ លើទីតាំងដែលអំពើភេរវកម្មប្រឆាំងនឹងសហព័ន្ធរុស្ស៊ី កំពុងត្រូវបានរៀបចំដោយប្រើទូកគ្មានមនុស្សបើក»។
របាយការណ៍បានសង្កត់ធ្ងន់ថា កងទ័ពរុស្ស៉ីបានវាយប្រហារលើទីតាំងជួសជុលកប៉ាល់នៅជិតទីក្រុង Odessa ជាកន្លែងដែលកទូកគ្មានមនុស្សបើកបែបនេះកំពុងត្រូវបានបង្កើតឡើង»។
របាយការណ៍បានបន្ថែមទៀតថា «លើសពីនេះទៀត កន្លែងស្តុកទុកដែលមានប្រេងឥន្ធនៈប្រហែល ៧០,០០០តោន ដែលប្រើសម្រាប់ផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន» ត្រូវបានបំផ្លាញផងដែរ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅមុននេះថា មីស៊ីល Kalibr ចំនួន ៦គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣១គ្រឿង ក្នុងចំណោម ៣៦ គ្រឿងត្រូវបានបាញ់ទម្លាក់ ដែលភាគច្រើននៅលើតំបន់ឆ្នេរភាគខាងត្បូងនៃទីក្រុង Odessa និង Mykolaev ។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី ប្ដីប្រពន្ធ ២នាក់ដែលធ្វើដំណើរតាមរថយន្ដនៅលើស្ពានគ្រីមៀ ក្នុងថ្ងៃឈប់សម្រាកកាលពីចុងសប្ដាហ៍កន្លងទៅ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ រីឯកូនស្រីរបស់ពួកគេមានអាយុ១៤ឆ្នាំ បានរងរបួស។ ទីក្រុងកៀវ មិនបានធ្វើអត្ថាធិប្បាយអ្វីចំពោះការវាយប្រហារនេះទេ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថាសេវាសន្តិសុខអ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារលើស្ពានគ្រីមៀ ដោយប្រើដ្រូនក្រោមបាតសមុទ្រ៕