(ប៉េកាំង)៖ រសៀលថ្ងៃទី១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីននៅក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន លោកបានប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវ ចំពោះប្រជាជន និងទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត ដែលបានធ្វើការជ្រើសរើសជាយុទ្ធសាស្ត្រ ដើម្បីកែលម្អទំនាក់ទំនងជាមួយចិន ដែលបានធ្វើឱ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីន វិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវហើយបានអភិវឌ្ឍយ៉ាងផុលផុស។ លោកបានរួមចំណែកយ៉ាងសំខាន់ចំពោះ ការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសយើងទាំងពីរ។ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវទស្សនៈការទូត ជាមួយប្រទេសព័ទ្ធជុំវិញដែលមានភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងបរិយាប័ន្ន ប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មនិងធ្វើជាដៃគូជាមួយប្រទេសជិតខាង។ ប្រទេសចិនយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះទំនាក់ទំនងជាមួយហ្វីលីពីន រីករាយក្នុងការរួមសហការជាមួយហ្វីលីពីន ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-ហ្វីលីពីនអភិវឌ្ឍដោយនឹងនរក្នុងរយៈពេលយូរអង្វែង។ សង្ឃឹមថាលោកអាចបន្តដើរតួនាទីសំខាន់ ដើម្បីកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Rodrigo Duterte បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងមេត្រីភាពរវាងហ្វីលីពីននិងចិន សមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ហើយវាក៏ជាបំណងប្រាថ្នារបស់ប្រជាជនហ្វីលីពីនភាគច្រើនផងដែរ។ ខ្ញុំរីករាយបន្តដើរតួនាទីដើម្បីជំរុញដល់មេត្រីភាពរវាងហ្វីលីពីននិងចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន